ភ្នំពេញ៖ ករណីស្ត្រីរងគ្រោះវ័យក្មេងម្នាក់ ដែលត្រូវបានម្តាយបង្កើតអំពើហឹង្សាជាញឹកញាប់ បណ្តាលឱ្យរងរបួសដេរ ជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញចុះទៅពិនិត្យជាបន្ទាន់និងបានបញ្ជូនស្ត្រីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
នៅក្នុងហ្វេសបុកផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសរសេរលើកឡើងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅពិនិត្យ សង្គ្រោះ និងព្យាបាលបន្ទាន់នូវករណីស្ត្រីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា តាមការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ ចុះទៅពិនិត្យជាបន្ទាន់នូវករណីស្ត្រីរងគ្រោះវ័យក្មេង ឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ក្រោយពីមានអំពើហឹង្សាពីម្តាយ។
លោកស្រីបន្តថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកស្រីបាន ចុះដល់មូលដ្ឋាន ផ្លូវរ៉ារទេះភ្លើង ជាទីកន្លែងកើតហេតុ។ក្រោយពីទទួល ស្ត្រីជាជនរងគ្រោះវយ័ក្មេង ពីអធិការនគរបាលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រួចមក មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានដឹកស្ត្រីជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យនិងលាងរបួស ។
លោកស្រីបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួលថវិកាដ៏ថ្លៃថ្លាបំផុតរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញចំនួន ១ លានរៀល ព្រមទាំងចង្អុលបង្ហាញឱ្យមន្ទីរជំនាញយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពផ្លូវកាយផ្លូវចិត្តឱ្យដល់ស្ត្រីរងគ្រោះ។ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានពិគ្រោះយោបល់តាមនីតិវិធីនិងបានបញ្ជូនទៅទីតាំងសុវត្ថភាព ផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូរ។
លោកស្រីបន្តទៀតថា ស្ត្រីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែងនិងរបួសថ្មីទើបដេររួច ១កន្លែង។ឪពុកបង្កើតរបស់ស្ត្រីជនរងគ្រោះខាងលើបានទទួលអនិច្ចកម្ម ២ឆ្នាំហើយ បានលែងលះគ្នាជាយូរមកហើយ ជាមួយម្ដាយស្ត្រីខាងលើ( មុនអនិច្ចកម្ម)។ ស្ត្រីរងគ្រោះខាងលើ កាលពីក្មេងបានរស់នៅ តែជាមួយជីដូននៅខេត្តកំពង់ស្ពឺ( ស្រុកកំណើតខាងឪពុកបង្កើត)។ ក្រោយជីដូនស្លាប់ គាត់នៅក្មេងពេក( មិនចាំអាយុ) បានមករស់នៅជាមួយម្តាយសព្វថ្ងៃនេះ និងឪពុកចុងក្មេង (អាសយដ្ឋានកើតហេតុ) ។ ស្ត្រីវ័យក្មេង មិនដែលបានចូលរៀននោះទេ(មិនចេះអក្សរ) ។
ម្ដាយមាន ស្រុកកំណើតនៅ ខេត្តស្វាយរៀង ស្ត្រីរងគ្រោះមានអាយុ ខុសពីអំពីស្ថានភាពខាងក្រៅ (ប្រហែល១៧ឆ្នាំ) មានសុខភាព ផ្លូវចិត្ត មិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។
ប្រភពព័ត៌មានពីអ្នកជិតខាង (ស្ត្រីរងគ្រោះទទួលរងអំពើហឹង្សាពីសំណាក់ម្តាយ ជាញឹកញាប់។
បើតាមសំដីស្ត្រីជាជនរងគ្រោះខាងលើបានអះអាងថា ថ្ងៃកើតហេតុ ហូរឈាមនោះ គាត់បានដួលសន្លប់)។ បើតាមបុរសជាឪពុកចុងបានអះអាងថា ខ្លួនបានទាក់ទងគ្នាជាមួយម្ដាយស្ត្រីខាងលើចំនួន៦ឆ្នាំមកហើយ។
ស្ត្រីជនរងគ្រោះខាងលើ ត្រូវបានមន្ទីរស.អ.យរាជធានីភ្នំពេញ បញ្ជូនទៅ ទីកន្លែងសុវត្ថិភាព តាមការស្ម័គ្រចិត្ត និងផ្តល់ថែទាំបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សាករណី ប៉ាន់ប្រមាណ និងបង្រួបបង្រួមពីគ្រួសារ។
ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានថា មានករណីហិង្សាម្តាយកាប់កូនស្រីរងរបួសក្បាលនៅសង្កាត់កាកាប១ គឺជាព័ត៌មានមិនពិត, ជាករណីរអិលដួលក្នុងបន្ទប់ទឹកដោយខ្លួនឯង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង និងបកស្រាយបំភ្លឺ ទាក់ទងទៅនឹងសារព័ត៌មានចំនួនដែលបានចុះផ្សាយថា មានករណីហិង្សាបង្កឡើងដោយម្តាយកាប់មកលើកូនស្រីបណ្តាលឲ្យរងរបួសក្បាល ជាក់ស្តែងមិនមែនជាករណីហិង្សាទេ គឺជាការរអិលដួលដោយខ្លួនឯងនៅក្នុងបន្ទប់ទឹកតែប៉ុណ្ណោះ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការចុះស្រាវជ្រាវករណីនេះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីចុះស្រាវជ្រាវដោយផ្ទាល់ដល់ផ្ទះក្មេងស្រីជនរងគ្រោះ ។
ដោយយោងតាមចម្លើយបញ្ជាក់របស់ក្មេងស្រីរងគ្រោះ គឺបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ពិតជាមានការឈ្លោះប្រកែកគ្នាជាមួយម្តាយដោយសារខ្លួនមិនចេះធ្វើត្រី ទើបពេលគាត់ដើរចេញទៅបន្ទប់ទឹកក៏រអិលជើងដួលបែកក្បាល ហើយក៏បានហៅប្អូន និងម្តាយ ដើម្បីជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ជាមួយនោះដែរ ឪពុកក៏បានបញ្ជាក់ថា ជាករណីរអិលជើងដួល មិនមែនជាករណីកាប់ដោយម្តាយនោះទេ ។
រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកអធិការខណ្ឌពោធិ៍សែនជ័យ បាននាំជនរងគ្រោះ និងឪពុកម្តាយមកសាកសួរបន្ថែមនៅអធិការដ្ឋាន គ្រប់គ្នាទាំងកូន និងឪពុកនៅតែផ្តល់ចម្លើយដដែល ថារអិលជើងដួលដោយខ្លួនឯង ។ នៅក្នុងពេលសាកសួរក៏មានការចូលរួមពីលោកស្រីប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលរង និងតំណាងចៅសង្កាត់កាកាប១ផងដែរ ។
ក្រោយធ្វើការស្រាវជ្រាវ និងសាកសួរចប់ សមត្ថកិច្ចក៏បានប្រគល់ក្មេងស្រីនេះទៅមន្ទីរសង្គមកិច្ចដើម្បីយកទៅព្យាបាលរបួសឲ្យបានជាសះស្បើយ ។ ជាមួយគ្នានោះ ដោយក្តីអាណិត លោកអធិការក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ក្មេងស្រីរងគ្រោះផងដែរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ