ប្រទេសចិននិងប៉ាគីស្ថាននៅថ្ងៃអង្គារនេះបានដាក់ឲ្យប្រើប្រាស់អនឡាញផ្លេតហ្វូមដើម្បីប្រមូលនិងបង្ហាញព័ត៌មានពីកិច្ចសហប្រតិបត្តិការខាងផ្នែកកសិកម្មនិងឧស្សាហកម្មរវាងប្រទេសទាំងពីរក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមច្រករបៀងសេដ្ឋកិច្ចចិន – ប៉ាគីស្ថានក្នុងវិស័យទាំងពីរ។
វេទិកាព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការ កសិកម្មនិងឧស្សាហកម្មចិន – ប៉ាគីស្ថានត្រូវបានគេរំពឹងថានឹងរៀបចំវេទិកាធុរកិច្ច គណៈប្រតិភូធុរកិច្ច និងសកម្មភាពផ្សេងៗទៀត ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងពិធីបើកដំណើរការប្រព័ន្ធអនឡាញ ប្រធានអាជ្ញាធរCPEC នៅប៉ាគីស្ថាន លោក Asim Saleem Bajwa បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកសិ – ឧស្សាហកម្មរវាងប៉ាគីស្ថាននិងចិន ដែលស្ថិតនៅក្រោម CPEC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុ ងការពង្រីកនិងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
វិស័យកសិកម្មគឺជាកម្លាំងស្នូលនៃសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ដែលរួមចំណែកប្រហែល ១៨ ភាគរយនៃផសសរបស់ប្រទេសនេះ ផ្តល់ការងារដល់ប្រជាជនមួយចំនួនធំនិងមានសារៈសំខាន់ខ្ពស់សម្រាប់សន្តិសុខស្បៀងនិងសក្តានុពលនាំចេញ។
ប្រធានអាជ្ញាធរនេះបាននិយាយថា ប្រទេសប៉ាគីស្ថានដឹងអំពីសក្តានុពលកសិកម្មរបស់ខ្លួនយ៉ាងពេញលេញ ហើយរដ្ឋាភិបាលដែលកំពុងកាន់អំណាចបានធ្វើការកែទម្រង់ជាមូលដ្ឋានក្នុងវិស័យកសិកម្ម។
បទពិសោធន៍របស់ចិនដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកនឹងជួយយ៉ាងច្រើនក្នុងការបន្ថែមតម្លៃដល់កសិកម្មរបស់ប្រទេសប៉ាគីស្ថាន និងចូលរួមចំណែកដើម្បីភាពរុងរឿងរបស់ប្រជាជន។
និយាយអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម លោកបានមានប្រសាសន៍ថាតំបន់សេដ្ឋកិច្ចពិសេសជាច្រើនដែលស្ថិតនៅក្រោមCPEC កំពុងត្រូវបានបង្កើតឡើងនៅគ្រប់ខេត្តទាំងអស់ ដើម្បីផ្តល់កម្លាំងជំរុញដល់ឧស្សាហូបនីយកម្មនៅក្នុងប្រទេស។
ក្នុងឱកាសនោះឯកអគ្គរដ្ឋទូតចិនប្រចាំនៅប៉ាគីស្ថាន លោក Nong Rong បានស្វាគមន៍ការបង្កើតវេទិកានេះដោយនិយាយថា វានឹងលើកកម្ពស់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រសមាគមអង្គការនិងសហគ្រាសឧស្សាហកម្មនិងកសិកម្មនៃប្រទេសទាំងពីរ។
លោកណុងបាននិយាយថា៖”យើងត្រៀមខ្លួនចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជនប៉ាគីស្ថានដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រអាកាសធាតុទាំងអស់របស់យើង និងសម្រេចបាននូវការអភិវឌ្ឍដែលមានគុណភាពខ្ពស់”៕
រក្សាសិទ្ធិដោយ៖CEN