Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល​ធនាគារជាតិ ស្នើ​ធនាគារពិភពលោក​បន្ត​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​បន្ថែមទៀត​

​ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​តាមរយៈ videoconference ជាមួយ​តំណាង​ធនាគារពិភពលោក​ដែល​ដឹកនាំ​ដោយ លោកស្រី Mariam Sherman ប្រធាន​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា និង​មានការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​តំបន់ និង​ជំនាញការ សរុប​ប្រមាណ ១០ រូប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ មករា​ឆ្នាំ​២០២០ ក្នុង​គោលបំណង ពិភាក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ស្វែងរក​លទ្ធភាព​ដែល​ធនាគារពិភពលោក​អាច​ចូលរួមចំណែក​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក ទេសាភិបាល បាន​ថ្លែងអំណរគុណ ធនាគារពិភពលោក ដែល​កន្លងមក​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ធនាគារ ជាពិសេស​ទៅលើ​ផ្នែក ចំណេះដឹង​ហិរញ្ញវត្ថុ​, បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​, ប្រព័ន្ធ​ទូទាត់​, កិច្ចការពារ​អតិថិជន​, ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​, ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ជាដើម​។

​ទន្ទឹមនេះ លោក ទេសាភិបាល ក៏បាន​ជម្រាប​ពី​ស្ថានភាព និង​វឌ្ឍនភាព​នៃ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជូន​ធនាគារពិភពលោក​ផងដែរ​ថា វិស័យ​ធនាគារ​កម្ពុជា​បន្ត​មាន​ស្ថិរ​ភាពរឹងមាំ និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​ធនាគារពិភពលោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​សម្ពាធ​នៃ​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា ព្រមទាំង​បានរួម​ចំណែក​ផ្តល់​ការគាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​។​

​ធនាគារពិភពលោក ដែល​បានរួម​ចំណែក​ជួយ​ផ្តល់ជំនួយ​បច្ចេកទេសផ្នែក​ប្រព័ន្ធ​ទូទាត់​កម្ពុជា ក៏បាន​រំលេច​ពី​ការអភិវឌ្ឍ ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា ដែល​ត្រូវបានធ្វើ​ទំនើបកម្ម លើ​ផ្នែក​បច្ចេកវិទ្យា​ទំនើប និង​បាន​ជួយ​សម្រួល​ការទូទាត់ និង​កាត់បន្ថយ​កម្រៃ​សេវា​ទូទាត់​អេឡិចត្រូនិក​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ តំណាង​ធនាគារពិភពលោក ក៏បាន​អបអរសាទរ លោក ទេសាភិបាល ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ទស្សនា​វ​ដ្តី​អន្តរជាតិ The Banker ថា​ជា ទេសាភិបាល​ឆ្នើម​ឆ្នាំ​២០២១ ដោយសារ​ការដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​វិស័យ​ធនាគារ ឱ្យមាន​ការរីកចម្រើន​ប្រកបដោយ​ភាពរឹងមាំ​និង​ទំនុកចិត្ត​។

​លោក ទេសាភិបាល ក៏បាន​ស្នើឱ្យ ធនាគារពិភពលោក​ប​ន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​បន្ថែមទៀត ជាពិសេស​លើ​ផ្នែក​ការពារ​ប្រាក់​បញ្ញើ​, ការសិក្សា​ទៅលើ​ប្រតិបត្តិ​ការទិញ​-​លក់​រូបិយប័ណ្ណ​, ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការកសាង​សមត្ថភាព​ជំនាញ​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×