ភ្នំពេញ ៖ មិនបាច់រៀបរាប់ច្រើន នោះប្រិយមិត្ត និងមហាជនបានស្គាល់ច្បាស់រួចហើយ ពីថៅកែហាងពេជ្រ ទ្រី ដាណា ដែលជាបុគ្គលដ៏ល្បីឈ្មោះនៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ន តាមរយៈការចេញធ្វើសកម្មភាពមនុស្សធម៌ទៅដល់អ្នកទីទ័លក្រ និងជួបការលំបាកជាច្រើនរាប់មិនអស់ រហូតមកទល់ពេលនេះ។
ដោយឡែក កាលពីពេលថ្មីៗនេះ មានរឿងមួយបង្កការស្រឡាំងកាំង និងវែកញែកឡើងក្តៅគគុកតែម្តង ក្រោយពីបុរសម្នាក់ បានចេញមុខនិយាយបកអាក្រាតយ៉ាងចំហរ នៅលើបណ្តាញសង្គម ចោទប្រកាន់ថា ក្រុមហ៊ុន ទ្រី ដាណា រកស៊ីមិនស្មោះត្រង់ បោកប្រាស់ជំនុកចិត្តពេញទំហឹង ទៅលើប្រពន្ធរបស់គាត់ និងថែមទាំងរៀបគំរោងចង់ប្តឹងទៀត រឿងប្រេនថ្មីទើបនាំចូល ហើយធ្វើពុំដូចក្នុងកិច្ចសន្យា ក្រោយដកសិទ្ធិចេញជាម្ចាស់ប្រេន និងបញ្ចប់កុងត្រា។
ជុំវិញរឿងរ៉ាវនេះ ក្នុងនោះ បុរសជាប្តីរបស់ស្ត្រីដែលជាតំណាងប្រេនរបស់ក្រុមហ៊ុន បានសម្តែងការហួសចិត្តថា ក្រោយដកសិទ្ធិជាម្ចាស់ប្រេន ទើបដឹងថា ខ្លួនឯងលក់ចែកចាយផលិតផលចង់ជិត១ឆ្នាំហើយ អត់មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ដោយសារតែជឿទុកចិត្តលើក្រុមទីផ្សារចុះមកអះអាងថា ផលិតផលសុទ្ធតែត្រូវបានចុះប្រវេត និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ។
គាត់ក៏បានបញ្ជាក់ពីមូលហេតុដែលប្រពន្ធរបស់គាត់ត្រូវបានដកសិទ្ធិ គឺដោយសារមូល២យ៉ាង ទី១- អ៊ីវ៉ាន់ខុសតម្លៃ និងទី២- អ៊ីវ៉ាន់សម្រុកមក យើងខ្វះដើមទុន ហើយក្រុមហ៊ុនចេះតែបង្ខំឲ្យយក។
គាត់បានញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចសន្យាក្រុមហ៊ុន ប្រសិនបើផលិតផលយកទៅលក់មិនដាច់ រយៈពេល១ឆ្នាំ នឹងទិញចូលវិញ។ ប៉ុន្តែ នៅពេលក្រុមហ៊ុនដកសិទ្ធិផ្តាច់ប្រេន នៅពេលនោះ កម្លាំងញើសឈាមប្រពន្ធរបស់គាត់ ដែលបានខិតខំរកបានដេប៉ូជាច្រើនក្នុងដៃ ក៏ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនទាំងអស់ ដើម្បីគ្រប់គ្រង ហើយក្រុមហ៊ុនសន្យានឹងបញ្ចេញអ៊ីវ៉ាន់ឲ្យអស់ក្នុងរយៈពេល១ខែ ប៉ុន្តែ ផ្ទុយទៅវិញ អ៊ីវ៉ាន់នៅក្នុងស្តុកគរលិចក្បាលខ្ទង់ ២០ ម៉ឺនដុល្លារ នៅសល់ទាំងអស់។ ត្រង់ចំណុចនេះ គាត់បានបញ្ជាក់ថា នេះជាការបោកប្រាស់ទំនុកចិត្តយ៉ាងពេញទំហឹងតែម្តង ព្រោះក្នុងកិច្ចសន្យាត្រូវបញ្ចេញអីវ៉ាន់ឲ្យអស់ ។
គាត់ក៏បានឲ្យដឹងបន្ថែមថា ក្រោយបញ្ចប់កុងត្រា ទាំងប្តីទាំងប្រពន្ធ (ទ្រី ដាណា) ផុសក្នុង Status ឡើងសាហាវតែម្តង ដោយដៀលប្រពន្ធគាត់សុទ្ធតែជាក្រពើរមិលគុណពេញៗមាត់ សួរថាតើគាត់ (ទ្រី ដាណា) ហ្នឹងជាអ្នកបង្កើតប្រពន្ធគាត់មែន!។ ជាមួយពាក្យក្រពើនេះផងដែរ គាត់ក៏សូមប្រាប់ថា រកស៊ីគឺចំណេញៗហើយ ប៉ុន្តែ សំខាន់មិនមែនគាត់ (ទ្រី ដាណា) ឲ្យផលិតផលមកលក់ទទេៗនោះទេ បើមិនទៅខ្ចីលុយធានគារ លុយខំសន្សំមកពីជប៉ុន លក់ឡានកំពុងជិះ ដើម្បីយកទៅបញ្ចូលទិញអ៊ីវ៉ាន់ពីក្រុមហ៊ុនណា៎!។
គាត់បន្តថា ធ្វើបំពានកិច្ចសន្យាបែបនេះហើយ ប្រពន្ធគាត់មិនរករឿងផង បែរជេរដៀលកប់ៗមាត់ ហើយរៀបគម្រោងប្តឹងទៀត។
បុរសខាងលើ ក៏បានសួរទៅបងប្អូនមហាជនថា តាមរយៈការបង្ហាញភស្តុតាងក្នុងវីដេអូនេះ ថាតើអ្នកណារកស៊ីសុចរិត អ្នកណារកស៊ីបោកប្រាស់ពិតប្រាកដ?។ ជាមួយការចោទប្រកាន់រកស៊ីមិនស្មោះត្រង់នេះផងដែរ បុរសរូបនេះរហូតប្រើពាក្យថា ឃើញគេដើរធ្វើអំពើល្អ កុំគិតថាគេធ្វើចេញពីចិត្ត ពេលខ្លះ វាគ្រាន់តែជាការប្រូតខ្លួន ធ្វើយ៉ាងណាឲ្យល្បីប៉ុណ្ណោះ។
តែទោះយ៉ាងណា ខណៈពេលនេះផងដែរ គេមិនទាន់ឃើញខាងភាគីក្រុមហ៊ុន ទ្រី ដាណា ចេញប្រតិកម្មឆ្លើយតបនៅឡើយនោះទេ។ ដូច្នេះមានតែរង់ចាំមើលថាតើក្រុមហ៊ុន ទ្រី ដាណា នឹងមានអ្វីឆ្លើយតបចំពោះរឿងដែលកំពុងក្តៅនេះ ដើម្បីបញ្ជាក់ការពិត ចៀសវាងខូចឈ្មោះក្រុមហ៊ុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ => (វីដេូ)