បុរសម៉ាឡេស៊ីម្នាក់ដែលបានចាប់រំលោភកូនស្រីចុងរបស់ខ្លួនរហូតដល់ចំនួន ១០៥ ដង ក្នុងរយៈពេល ២ ឆ្នាំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០៥០ ឆ្នាំ។ នេះបើយោងតាមតុលាការ Sessions Court របស់ម៉ាឡេស៊ី។
នៅក្នុងសវនាការរយៈពេលជិត ៥ ម៉ោង កាលពីថ្ងៃថ្ងៃពុធ (២៧ មករា) ក្នុងនោះករណីចោទប្រកាន់នីមួយៗត្រូវបានអានដាច់ដោយឡែកពីគ្នា ដោយចៅក្រម M Kunasundary បានឲ្យដឹងថា បុរសនោះដែលបានសារភាពកំហុសចំពោះការចោទប្រកាន់នេះ គឺត្រូវជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទរំលោភសេពសន្ថវៈចំនួន ១០៥ ដង ដោយការកាត់ទោសចាប់ផ្តើមជាបន្តបន្ទាប់ ចាប់ពីថ្ងៃចាប់ខ្លួន (២០ មករា) និងត្រូវអនុវត្តទោសសរុបចំនួន ១០៥០ ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន CNA បានរាយការណ៍ថា ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ បុរសរូបនេះបានប្រព្រឹត្ដអំពើអាក្រក់ដោយចាប់រំលោភកូនស្រីចុងរបស់គាត់ដែលមានអាយុ ១២ ឆ្នាំ ចំនួន ១០៥ ដង នៅក្នុងផ្ទះរបស់ពួកគេនៅ Sungai Way។
ក្នុងអំឡុងហេតុការណ៍នោះ ក្មេងស្រីរងគ្រោះ និងឪពុកចុងអាយុ ៣៣ ឆ្នាំ បាននៅក្នុងផ្ទះមួយគ្នា ហើយក្មេងស្រីមិនបានប្រាប់នរណាម្នាក់អំពីការរំលោភនោះទេ ខណៈដែលបុរសនោះបានវាយនិងគំរាមនាង។ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយរបស់នាងអំពីហេតុការណ៍នេះ នៅពេលដែលម្តាយរបស់នាងបាននាំនាង និងប្អូនស្រីរបស់នាង ទៅផ្ទះមីងរបស់ពួកគេ។
គួរបញ្ជាក់ថា ឪពុកម្តាយក្មេងស្រីរងគ្រោះបានលែងលះគ្នាក្នុងឆ្នាំ២០១៥ ហើយម្តាយរបស់នាងបានរៀបការជាមួយជនជាប់ចោទនៅខែវិច្ឆិកា ឆ្នាំ២០១៦។
ព្រះរាជអាជ្ញារងសាធារណៈ អ្នកស្រីស្រី Nurul Qistini Qamarul Abrar បាននិយាយថា “ក្នុងករណីនេះជនរងគ្រោះមានអាយុ ១២ ឆ្នាំ នៅពេលដែលជនជាប់ចោទត្រូវបានចាប់រំលោភលើកដំបូង និងបន្ទាប់មកបានបន្តរំលោភនាងចំនួន ១០៥ ដង ក្នុងរយៈពេល២ឆ្នាំ”។
អ្នកស្រីបន្តថា ក្នុងនាមជាឪពុកចុងរបស់ជនរងគ្រោះ គាត់គួរតែទទួលខុសត្រូវក្នុងការការពារកូនស្រី ប៉ុន្តែផ្ទុយទៅវិញ គាត់បែរជាបានបំផ្លាញតម្លៃខ្លួនរបស់នាងបែបនេះ។ សកម្មភាពរបស់គាត់នឹងធ្វើឱ្យមានការប៉ះទង្គិចពេញមួយជីវិតដល់ជនរងគ្រោះ។ នេះគឺជាបទល្មើសគួរឱ្យស្អប់ខ្ពើម និងគួរឱ្យថ្កោលទោស ហើយត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីគ្រប់កម្រិតនៃសង្គមដោយមិនគិតពីសាសនា។
ជនជាប់ចោទដែលមិនមានមេធាវីតំណាង មិនបានប្តឹងឧទ្ធរណ៍ទាក់ទងនឹងការកាត់ទោសនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង