នេះគឺជាវីដេអូដ៏រន្ធត់មួយ ដែលបង្ហាញឲ្យឃើញស្រីស្អាតម្នាក់ ស្រាប់តែត្រូវបាន «លេបចូល» នៅពេលដែលរណ្តៅដ៏ធំមួយបានបើកចំហរមួយរំពេច ខណៈនាងកំពុងរង់ចាំឆ្លងផ្លូវ។
ក្នុងហេតុការណ៍ដ៏រន្ធត់ និងគួរឲ្យអស់សំណើចនេះផងដែរ នារីរងគ្រោះមានឈ្មោះ Laura Vilarinho អាយុ ១៩ ឆ្នាំ ត្រូវបានដឹងបានរបួសដាច់កែងដៃខាងឆ្វេង ប៉ុន្តែ សំណាងដែលនាងពុំរងរបួសធ្ងន់ធ្ងរ។ វីដេអូបានបង្ហាញរណ្តៅជម្រៅជិត ២ ម៉ែត្រ បានបើកចំហរមួយរំពេច នៅលើផ្លូវមួយកន្លែង នៅក្នុង Uberlandia ប្រទេសប្រេស៊ីល បណ្តាលឲ្យស្រីស្អាតដែលកំពុងឈរនៅលើផ្លូវ ត្រូវធ្លាក់ចូលក្នុងនោះតែម្តង។
នាង Vilarinho ជានិស្សិតច្បាប់ បានកំពុងដើរឆ្លងផ្លូវជាមួយម្តាយរបស់នាង នៅពេលនោះ នាងបានជួបគ្រោះស៊យ គឺខណៈកំពុងឈររង់ចាំរថយន្តឆ្លងកាត់ផុត ក៏ស្រាប់តែដីនៅខាងក្រោមជើងរបស់នាង បានបាក់ស្រុត ហើយប្រែទៅជារណ្តៅ «លេប» យកនាងទៅក្នុងនោះតែម្តង។
ក្រោយហេតុការណ៍នេះបានកើតឡើង ម្តាយរបស់នាងពិតជារន្ធត់ខ្លាំងណាស់ និងបានស្រែកហៅឲ្យគេជួយកូនស្រី។ ភ្លាមៗនោះ គេក៏បានឃើញមនុស្សម្នានៅក្បែរនោះ បានរត់មកជួយសង្គ្រោះ។
ក្រុមពន្លត់អគ្គិភ័យ និងបុគ្គលិកពេទ្យ ក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយពួកគេបានជួយសង្គ្រោះ Vilarinho និងត្រួតពិនិត្យរបួសមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ទីភ្នាក់ងារផ្គត់ផ្គង់ទឹក និងទឹកស្អាតរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ឧបទ្ទវហេតុនេះ គឺបង្កឡើងដោយសារទឹកភ្លៀងយ៉ាងគំហុកថ្មីៗនេះ ដែលអាចនាំឱ្យមានស្នាមប្រេះនៅក្នុងតំបន់ និងបង្កឱ្យមានសំណឹកដី។
ផ្លូវនៃឧប្បត្តិហេតុនេះគឺជាផ្លូវមួយដែលមមាញឹកបំផុតនៅក្នុងទីក្រុង ហើយត្រូវបានសាងសង់នៅលើកំពូលលំហូរទឹក។ ហើយឲ្យតែនៅពេលរដូវវស្សាមកដល់ ទីក្រុងនេះក៏ជួបប្រទះទឹកជំនន់ញឹកញាប់ផងដែរ។
លោក Kleyton Silas អ្នកគ្រប់គ្រងផ្នែកលូបាននិយាយថា ការស៊ើបអង្កេតពេញលេញនឹងត្រូវធ្វើឡើងដើម្បីរកឱ្យឃើញនូវអ្វីដែលបានកើតឡើង។
លោក Kleyton បានប្រាប់ Record TV ថា៖ “មានដើមឈើមួយដែលត្រូវបានគេយកចេញថ្មីៗនេះ ហើយឬសរបស់វាអាចនឹងធ្វើឱ្យខូចដល់គ្រឹះនៃផ្លូវក្រាលថ្ម។ វាលឿនពេកក្នុងការនិយាយពីមូលហេតុពិតប្រាកដនៅពីក្រោយឧប្បត្តិហេតុនេះ ប៉ុន្តែយើងមានចេតនាដើម្បីទទួលបានចម្លើយពីមូលហេតុនៃឧប្បត្តិហេតុនេះ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង