ភ្នំពេញ ៖ សូមរំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នោះប្រិយមិត្ត និងមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរតែមិនគួរឲ្យសោះ រហូតអ្នកខ្លះថាបានសួរនាំគ្នាថា តើពិតទេ? ប្រហែលគេហែកអាខោនទេដឹង? ខណៈនៅសុខៗ ស្រាប់តែអ្នកនាង ដេត ម៉ាលីណា បានប្រកាសយ៉ាងចំហរថា អ្នកនាង និងស្វាមីលោកឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាហើយ និងថែមទាំងបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ពីពេលនេះតទៅ រវាងអ្នកនាង និងឧកញ៉ា ឌួង ឆាយ គឺមិនពាក់ព័ន្ធនឹងគ្នាទៀតឡើយ។
អ្នកនាង ដេត ម៉ាលីណា ក៏បានបញ្ជាក់ឲ្យដឹងថា អ្នកនាងជាមនុស្សមិនចូលចិត្តនិយាយច្រើន ឬ សម្តែងច្រើន ហើយក៏មិនចង់ឲ្យគេដឹងឮរឿងក្នុងគ្រួសារឡើយ ប៉ុន្តែ មូលហេតុនៃការប្រកាសលែងលះគ្នាជាសាធារណៈបែបនេះ គឺដោយសារអ្នកនាង និងអតីតស្វាមី ឌួង ឆាយ គឺជាមនុស្សរបស់មហាជន ដែលបានស្គាល់ច្រើន ដើម្បីឲ្យបានដឹងឮទាំងអស់គ្នា និងក៏កុំឲ្យពុកម៉ែបងប្អូននៅគិតសង្ស័យថា អ្នកនាង និងអតីស្វាមី មិនទាន់បែកបាក់ និងនៅរួមរស់ជាមួយគ្នា។
អ្នកនាង ក៏បានបញ្ជាក់បន្ថែមថា គ្មានស្រីណាដែលចង់បែកបាក់ប្តីមានឋានជាឧកញ៉ានោះទេ ហើយក៏គ្មានស្រីណាចង់ក្លាយជាស្ត្រីមេម៉ាយនោះដែរ។ ប៉ុន្តែ សម្រាប់អ្នកនាងផ្ទាល់ ការឈានដល់លែងលះនេះ ដោយសារអ្នកនាងអស់ស៊ូទ្រាំលែងបានរយៈពេល ១៣ ឆ្នាំ ជាមួយគាត់ ដោយអ្នកនាងបានធ្វើការប្រៀបធៀបដូចកែវ១បានប្រេះស្រាំដែលអ្នកនាងខំបិទរយៈពេល ១៣ ឆ្នាំ រហូតមកទល់ពេលនេះ គឺយកកាវមកបិទលេងជាប់ហើយ។
ចំណែកលោកឧកញ៉ា ឌួង ឆាយ វិញ ក្រោយសម្ងំស្ងាត់មិនតបត ឬ សូម្បីបកស្រាយអ្វីទាំងអស់ចំពោះរឿងលែងលះនេះ អស់រយៈពេលយ៉ាងយូរ នោះកាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះសារបង្ហាញអារម្មណ៍ហាក់ពិបាកចិត្តខ្លាំង ដោយលោកហាក់អស់ជម្រើស ក្នុងការនិយាយលួងលោម ផ្សះផ្សារជាមួយអតីតភរិយា ព្រោះតែលោកអាណិតដល់កូនៗ មិនចង់ឲ្យពួកគេព្រាត់ប្រាស់ឪពុកម្តាយសូម្បីតែបន្តិចឡើយ។ ក្នុងនោះ លោកបានពោលពាក្យយ៉ាងរំជួលចិត្តដូច្នេះថា៖ «ពុកសូមទោសណាកូនប្រុសមាសឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសម្ថភាពរបស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើអោយបានល្អជាទីបំផុតដើម្បីកូនៗណាចាប់ពីពេលនេះ។ សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នាចំពោះការបាររម្ភស្រលាញ់រាប់អានណា អ្វីៗដែលនៅសល់ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ»។
សារពិបាកចិត្តខាងលើនេះផងដែរ ក៏បានធ្វើឲ្យមហាជនជាច្រើន បានលើកឡើងថា អាចមិនយូរមិនឆាប់ទេ អ្នកទាំងពីរនឹងត្រូវបានផ្សះផ្សារជួបជុំគ្នាវិញ គ្រាន់តែថាត្រូវការពេលវេលា ឬ អាចហៅថាជាគូកម្មប៉ុណ្ណោះ។ ហើយចំណែកឯ គ្រូហុងស៊ុយ ចៅម៉ែ វិញ កាលពីពេលកន្លងទៅនេះ ក៏បានធ្វើកាទស្សន៍ទាយក្តែងៗ ដល់ថ្នាក់ឲ្យមហាជនជេរម៉ែទៀតផង បើឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា មិនជួបគ្នាវិញនោះ ព្រោះចំណងចងភ្ជាប់របស់អ្នកទាំងពីរ គឺកូនស្រីពៅ។
តែទោះយ៉ាងណា ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារ និងក៏ដូចចេញមុខនិយាយបកស្រាយបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតថា៖ «សូមចិត្តពូមីងបងប្អូនឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច១៣ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថាអាចមើលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនិងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រឡាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង