Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​ស្តីពី​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ កម្ពុជា​-​ជប៉ុន ឆ្នាំ​២០២១ ដើម្បី​ពង្រឹង​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ សិក្ខាសាលា​ស្តីពី​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ កម្ពុជា​-​ជប៉ុន ឆ្នាំ​២០២១ ត្រូវបាន​ប្រារព្វ​ធ្វើតាម​ប្រព័ន្ធ Online Zoom ពី​ចម្ងាយ​រវាង​ប្រទេស កម្ពុជា និង​ជប៉ុន ក្រោម​អធិបតីភាព​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។​

​សិក្ខាសាលា​នេះ ត្រូវ​រៀបចំ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គនាយកដ្ឋាន​ទឹកស្អាត នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយនឹង ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព នៃ​ប្រទេស​ជប៉ុន (MHLW) និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA) ក្រោម​ការឧបត្ថម្ភ​ដោយ អង្គភាព​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ​ក្រុង​គី​តា​គ្យូ​ស៊ុ (Kitakyushu) និង​សមាគម​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ (KOWBA) ។​

​គោលបំណង​របស់​សិក្ខា​សាលា គឺ​ដើម្បី​ពង្រឹង​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ឆ្ពោះទៅ​ការបង្កើន​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ។ សមាសភាព​ចូលរួម​ក្នុង​សិក្ខាសាលា​ទាំង​នៅ​កម្ពុជា និង​ជប៉ុន រួមមាន​មកពី​ផ្នែក​រដ្ឋាភិបាល វិស័យ​ឯកជន និង​អ្នកជំនាញ រួមទាំង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជុំវិញ​២៥ ខេត្ត ក្រុង សរុប​ចំនួន​២១៦ នាក់ ក្នុង​ពី​ទីតាំង​ផ្សេងៗ​គ្នា ។​
​បើតាម​របៀប​វីរៈ​នៃ​ការ​អង្គសិក្ខាសាលា គឺ​មានមតិ​ស្វាគមន៍​ពី ឯកឧត្តម KITAHASHI Kenji អភិបាលក្រុង គី​តា​ឃ្យុ​ស៊ុ ពី​ប្រទេស​ជប៉ុន -​ចំណាប់អារម្មណ៍​របស់​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ពី​ទីក្រុង​សៀមរាប -​ឯកឧត្ដម​អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន ពី​ទីក្រុង​តូ​ក្យូ​-​លោក AZUMA Toshihiro ការិយាល័យ​ផ្គត់ផ្គង់ និង​ការណែនាំ ,​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹកស្អាត​,​អង្គភាព​សុវត្ថិភាព​ឱសថ​និង​សុខភាព​បរិស្ថាន នៃ​ក្រសួងសុខាភិបាល ការងារ និង​សុខមាលភាព ពី​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន និង​បន្ទាប់មក​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​អញ្ជើញ​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា ពី​ទីស្តីការក្រសួង ដែលមាន​សន្ទរកថា​ទាំងស្រុង​ដូចតទៅ​៖​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​ក្តី​សោម​ន្ស​រីករាយ​ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង “​សិក្ខាសាលា​ស្តីពី​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ កម្ពុជា​-​ជប៉ុន ២០២១ Cambodia Japan Water Supply and Sewer Seminar 2021” ដែល​រៀបចំឡើង​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​រវាង​កម្ពុជា​-​ជប៉ុន​នៅពេលនេះ​។ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​កូ​វីត​១៩ កំពុង​រីក​រាលដាល​យ៉ាងណាក៏ដោយ ក៏​ការរៀបចំ​សិក្ខា​ពេលនេះ​នៅតែ​បានរៀបចំ​ធ្វើតាម​កាលកំណត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​អន​ឡាញ ដែល​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្លាយជា​ទំនោរ​ថ្មី​សម្រាប់​រាល់​ការប្រជុំ បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា​ដែលមាន​អ្នកចូលរួម​ច្រើន​។​
​សិក្ខាសាលា​ដែល​កំពុង​ប្រព្រឹត្តទៅ​នាពេលនេះ គឺជា​សិក្ខាសាលា​លើក​ទី​១៣ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គភាព​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ ក្រុង​គី​តា​គ្យូ​ស៊ុ និង​សមាគម​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ​(KOWBA) ប្រទេស​ជប៉ុន ដោយមាន​កិច្ចសហការ​រៀបចំ​គាំទ្រ​ពី​ក្រសួងសុខាភិបាល ការងារ និង​សុខមាលភាព នៃ​ប្រទេស​ជប៉ុន (MHLW) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន JICA និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​
សិក្ខាសាលា​នេះ ក៏​នឹង​បង្ហាញ​អំពី​ទស្សនវិស័យ​ទឹកស្អាត​របស់​កម្ពុជា បញ្ហា​ប្រឈម ការចែករំលែក​បទពិសោធ​ន៍​នៃ​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​របស់​ប្រទេស​ជប៉ុន ការជួយ​គាំទ្រ​របស់​ភាគី​ជប៉ុន ជាពិសេស​អង្គភាព​ទឹកស្អាត និង​ប្រព័ន្ធ​អនាម័យ ក្រុង​គី​តា​គ្យូ​ស៊ុ និង​សមាគម​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ (KOWBA) ដល់​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​ឯកឧត្តម ចម ប្រសិទ្ធ​សូម​អរគុណ និង​ស្វាគមន៍​ផងដែរ​ចំពោះ​វាគ្មិន​នៃ​ប្រទេស​ជប៉ុន ដែល​ចូលរួម​ធ្វើ​បទ​បង្ហាញ​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​នានា​ដល់​អង្គ​សិក្ខាសាលា អំពី​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត និង​អនាម័យ ក៏ដូចជា​ទិសដៅ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​

​ឯកឧត្តម ចម ប្រសិទ្ធ បាន​បញ្ជាក់ថា ខ្ញុំ​ចាំបាន​ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខ្ញុំ​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​ចូលរួម​វេទិកា​ទឹកស្អាត​កម្ពុជា​-​ជប៉ុន (JAPAN CAMBODIA WATER SUPPLY FORUM) “​ស្តីពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នាពេល​អនាគត និង​តួនាទី​របស់​ក្រុមហ៊ុន​ឯកជន​ជប៉ុន​” ដែល​បាន​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​សណ្ឋាគារ RIHGA Royal ក្នុង​ក្រុង​កូ​គូ​រ៉ា (Kokura), ខ្ញុំ​ពិតជា​មាន​កិត្តិយស និង​សោមនស្ស​ចំពោះ​ការទទួល​រាក់ទាក់​យ៉ាង​កក់ក្តៅ​ពី​ភាគី​មិត្ត​ជប៉ុន ហើយក៏​បានទទួល​នូវ​បទពិសោធ​ថ្មី​បន្ថែមទៀត​អំពី​តួនាទី​នៃ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត ក៍​ដូចជា​បច្ចេកវិទ្យា និង​គំនិត​ឆ្នៃប្រឌិត​ផ្សេងៗ​។​
​ក្នុងឱកាស​នោះដែរ ខ្ញុំ​ក៏បាន​ស្នើឱ្យ​មានការ​អភិវឌ្ឍ​ន៍​វិស័យ​ទឹកស្អាត​តាមរយៈ​យន្តការ​ភាពជា​ដៃគូរ​រវាង​រដ្ឋ និង​ឯកជន ដែល​យន្តការ​នេះ​បង្កលក្ខណៈ និង​ការទាក់ទាញ​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន​ចូលរួម​ដំណើរ​ការផលិត​ទឹកស្អាត និង​លក់​ទឹក​ដុំ​ឱ្យ​អង្គភាព​រដ្ឋាករទឹករ​បស់​កម្ពុជា ដែល​បច្ចុប្បន្ន​យើង​បាននិងកំពុង​អនុវត្ត​គម្រោង​តាម​រូបភាព​នេះ​នៅ​រដ្ឋាករទឹក​ខេត្តកំពង់ធំ និង​ក្រុង​តាខ្មៅ (​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​)​។ តាមរយៈ​ការអនុវត្ត​យន្តការ​នេះ​ផងដែរ យើង​សង្ឃឹមថា​ការអនុវត្ត​គម្រោង​អាច​ប្រព្រឹត្តទៅបាន​ឆាប់រហ័ស ក៏ដូចជា​ការផ្ទេរ​នូវ​បទពិសោធន៍ និង​បច្ចេកវិទ្យា​របស់​ជប៉ុន​ដល់​សម​ភាគី​កម្ពុជា ក្នុងការ​គ្រប់គ្រង និង​ដំណើរការ​ប្រតិបត្តិការ​ប្រព័ន្ធ​ផលិតកម្ម​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។ លើសពីនេះ ឯកឧត្តម ចម ប្រសិទ្ធ​ក៏បាន​សំណូមពរ​ឱ្យ​មិត្ត​ជប៉ុន​សូមជួយ​គាំទ្រ​ដល់​កម្ពុជា​បន្តទៀត ជាពិសេស​លើ​វិស័យ​ទឹកស្អាត ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ហើយក៏​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​នាំនូវ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ការធ្វើ​ប្រព្រឹត្តិកម្ម​ទឹក ដែលមាន​ថ្លៃ​សមរម្យ និង​ចំណាយ​ដំណើរការ​សមស្រប ជាពិសេស ប្រព័ន្ធ​ខ្នាតតូចៗ ដែល​អាច​អនុញ្ញាតឱ្យ​យើង​អាច​តម្លើង​បាន​នៅ​តំបន់​ទីប្រជុំជន​តូចៗ ដែល​ការវិនិយោគ​លើ​ប្រព័ន្ធ​បណ្តាញ​ចែកចាយ​ធម្មតា​មិនមាន​លក្ខណៈ​សេដ្ឋកិច្ច​។​

សម្រាប់​វិស័យ​ទឹកស្អាត យើង​សង្កេតឃើញថា តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​នៅតាម​បណ្តា​រាជធានី ខេត្ត ក្រុង និង​ទីប្រជុំជន នានា​នៅ​ទូទាំងប្រទេស​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ហើយ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ក៏​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ខាងមុខនេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​រៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១ ដែលមាន​សមត្ថភាព​ផលិត​និង​ផ្គត់ផ្គង់​បាន ១៩៥.០០០​ម​៣/​ថ្ងៃ និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​ដែលមាន​សមត្ថភាព​ផលិត​និង​ផ្គត់ផ្គង់ ៥២.០០០ ម​៣/​ថ្ងៃ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រែក្លាយ​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​បន្ថែម​នូវ​បន្ទុក​ការងារ​ស្នូល​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បន្ថែមទៀត​ដល់​ក្រសួង​។ ដោយឡែក​ចំពោះ វិស័យ​ទឹកស្អាត ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ទឹកស្អាត តាមរយៈ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​ដឹកនាំ​និង​គ្រប់គ្រង ការកសាង​បទដ្ឋាន​គតិយុត្ត មធ្យោបាយ​គ្រប់គ្រង ការលើកទឹកចិត្ត និង​គាំទ្រ​ដល់​វិនិយោគិន និង​ផ្នែក​ឯកជន ដែល​បាន​ជំរុញឱ្យមាន​ការចូលរួម​វិនិយោគ​ជាច្រើន​ពី​ផ្នែក​ឯកជន​ក្នុង​និង​ក្រៅប្រទេស​លើ​វិស័យ​ទឹកស្អាត​។ គិត​មកដល់​បច្ចុប្បន្ន ក្រសួង​បានចេញ​ប្រកាស​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន ២៨២​ទីតាំង ដែល​កើនឡើង​ជិត​ពីរដង ធៀប​នឹង​ឆ្នាំ​២០១៤​។ ទន្ទឹមនឹងនេះ យើង​បាន​ខិតខំ​អភិវឌ្ឍន៍ វិស័យ​ទឹកស្អាត​ដោយមាន​ការចូលរួម​យ៉ាង​សំខាន់​របស់​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា រដ្ឋាភិបាល​ជប៉ុន (​តាមរយៈ JICA, JICS), ADB, AFD, WB, WHO, UNICEF, UNHABITAT, រដ្ឋាភិបាល​អូស្ត្រាលី (​តាមរយៈ 3i) ជាដើម​។​ការជួយ​គាំទ្រ​របស់​មិត្ត​ជប៉ុន គឺ​មិនអាច​កាត់ថ្លៃ​បាន តាមរយៈ​គម្រោង​សហប្រតិបត្តិការ​នានា មានដូចជា គម្រោង​ជំនួយ​បច្ចេកទេស​រៀបចំ​ផែនការមេ​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, គម្រោង​កសាង​សមត្ថភាព​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​, គម្រោង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​វិស័យ​ទឹកស្អាត​ទីប្រជុំ​ជនកម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការកសាង​សមត្ថភាព​ការគ្រប់គ្រង​វិស័យ​ទឹកស្អាត​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត រួមទាំង​ការជួយ​គាំទ្រ​លើ​ការរៀបចំ​សេចក្តីព្រាងច្បាប់ “​ស្តីពី​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ទឹកស្អាត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ដែល​មកដល់ពេលនេះ សេចក្តីព្រាងច្បាប់​នេះ​បាន​ឆ្លង​ចប់​កម្រិត​បច្ចេកទេស​ផ្ទៃក្នុង​ក្រសួង និង​អន្តរក្រសួង​មួយចំនួន ហើយនឹង​ត្រៀម​បញ្ជូន​ទៅសុំ​ការគាំទ្រ និង​ជំនួយ​បច្ចេកទេសផ្នែក​ច្បាប់​ពី​ក្រុមប្រឹក្សា​អ្នកច្បាប់​របស់​រាជរដ្ឋាភិបាល និង​ឆ្លង​អន្តរក្រសួង​បើកទូលាយ នាពេលខាងមុខ​, ហើយ​ក៏មាន​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជាច្រើន​ទៀត ដែលមាន​ទំហំ​ហិរញ្ញប្បទាន​សរុប​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក (​ទាំង​ហិរញ្ញប្បទាន​ឥត​សំណង និង​ហិរញ្ញប្បទាន​សម្បទាន​)​។ គម្រោង​ជំនួយ​ទាំងនេះ​ភាគច្រើន​គឺ​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​អង្គភាព​រដ្ឋាករទឹក​សាធារណៈ ហើយ​ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ក៏បាន​ចូលរួម​ត្រឹមតែ​ជា​ទីប្រឹក្សាបច្ចេកទេស ឬ​ជា​ក្រុមហ៊ុន​សាងសង់​ប៉ុណ្ណោះ​។​
​កិច្ចសហប្រតិបត្តិការ​នេះ​គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាទី​គាប់ចិត្ត ដោយ​ក្នុងនោះ​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​របស់​យើង​ទាំងអស់​បាន​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​មាន​ប្រសិទ្ធ​ភាពល្អ ហើយ​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​ត្រូវ​បានទទួល​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី មធ្យម និង​វែង តាមរយៈ​គម្រោង​សហប្រតិបត្តិការ​រវាង​កម្ពុជា ជប៉ុន​, ដែល​បង្កើតបានជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​កម្ពុជា​ប្រកបដោយ​ចីរភាព​។ ទោះ​យ៉ាងនេះ​ក្តី តម្រូវការ​ទុនវិនិយោគ និង​ការគាំទ្រ​តាម​គ្រប់​រូបភាព​ទាំងអស់ គឺជា​ការចាំបាច់ ដើម្បី​អាចឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទីប្រជុំជន​ឱ្យបាន ១០០% នៅ​ឆ្នាំ​២០២៥ និង​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០៣០​។ ដោយ​មូល​ហេតុនេះ ផ្តោត​តែ​លើ​អង្គភាព​រដ្ឋាករទឹក​សាធារណៈ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ក្នុងន័យនេះ ការពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការចាប់​ដៃគូ​ជាមួយ​វិស័យ​ឯកជន គឺជា​ការចាំបាច់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម ចម ប្រសិទ្ធ ក៏​សូម​រំលឹក​នូវ​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងជំនួប​របស់ សម្តេច ជាមួយ ឯកឧត្តម យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZ0) សមាជិកសភា​ជប៉ុន កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ កន្លងទៅនេះ លើ​ការងារ ២​ចំណុច គឺ​៖ (១)​ត្រូវ​ពង្រីក​សមត្ថភាព​ការផ្គត់ផ្គង់​ទឹកស្អាត​ឱ្យដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ និង​(២)​ធ្វើយ៉ាងណា​ពង្រីក​បណ្តាញ​ចែកចាយ​ទៅកាន់​តំបន់ អភិវឌ្ឍន៍​ថ្មីៗ​ថែមទៀត​។ ជាមួយគ្នានេះ ខ្ញុំ​ក៏មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ ឯកឧត្តម យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ ផងដែរ និង​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ ក៏ដូចជា​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការផ្តល់​ហិរញ្ញប្បទាន​តាម​គ្រប់​រូបភាព​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និយាយ​ជារួម​, និង សម្រាប់​វិស័យ​ទឹកស្អាត និយាយ​ដោយឡែក ក្នុង​ទំហំ​មួយ​ដ៏​ធំ ហើយ​មានការ​កើនឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ អនុវត្ត​នូវ​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏ដូចជា​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ បាន​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ជប៉ុន​ទាំង​ផ្នែក​សាធារណៈ និង​ឯកជន​។
​ជា​លទ្ធផល​៖
• ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​គាំទ្រ និង​បន្ត​អនុស្សរណៈ​សហប្រតិបត្តិ​ការ (Memorandum of Cooperation-MOC) ជាមួយ​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ប្រទេស​ជប៉ុន លើ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​រយៈពេល ៥ (​ប្រាំ​) ឆ្នាំ​ទៀត​
• បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (CWA) ជាមួយ​សមាគម​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស ក្រុង​គី​តា​គ្យូ​ស៊ុ (KOWBA) ហើយ​ក្រសួង​នឹង​ចុះហត្ថលេខា​ជា​សាក្សី​លើ​អនុស្សរណៈ​នោះ​
• បាន​គាំទ្រ​ការវិនិយោគ និង​បានផ្តល់​ប្រកាស​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ក្រុមហ៊ុន សោ​ម៉ា ខូ​ប៊ែ​ល​កូ វ៉​ធើរ សឹ​ប​ផ្លា​យ ឯ​.​ក ដែលមាន​ទីតាំង​ផលិតកម្ម​នៅ​សង្កាត់​កោះដាច់ ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែលជា​ការវិនិយោគ​រួមគ្នា​របស់​ក្រុមហ៊ុន​ឯកជន​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​ជប៉ុន ដែល​កាលនោះ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នូវ​ការកត់សម្គាល់ថា នេះ​ជា​លើក​ទី​១ ដែល​ក្រុមហ៊ុន​ឯកជន​ជប៉ុន​វិនិយោគ​ដោយផ្ទាល់​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​
• ក្រសួង​នឹង​ត្រៀម​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន Kobelco Eco-Solutions Co., Ltd. ដើម្បី​ពង្រីក និង​ន្លឿ​ន​ការអភិវឌ្ឍន៍​ទឹកស្អាត​ខ្នាតតូច​នៅ​កម្ពុជា​។ • ក្រសួង​បន្ត​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែលមាន​សមត្ថភាព​ខាង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាពិសេស​វិស័យ​ឯកជន​ជប៉ុន​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​

​តាមរយៈ​ការចូលរួម​អង្គសិក្ខាសាលា​នៅថ្ងៃនេះ នឹង​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​ស្វែងយល់​អំពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា ព្រមទាំង​ឱកាស​ក្នុងការ​វិនិយោគ និង​ចូលរួម​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​ឱ្យមាន​ការរីកលូតលាស់​កាន់តែ​ប្រសើរ​ថែមទៀត​។ ខ្ញុំ​សូមឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ស្តាប់​វាគ្មិន និង​ពិភាក្សា​ដេញដោល​លើ​បញ្ហា​ផ្សេង ដើម្បី​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​សម្រាប់​ការអភិវឌ្ឍន៍​ទឹកស្អាត​ប្រកបដោយ​ចីរភាព​ស្របតាម​បរិបទ​របស់​កម្ពុជា​។​
​ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​មិត្ត​ជប៉ុន និង​ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​ឯកជន​ផងដែរ ដែល​បាន​ចូលរួមចំណែក​មិនអាច​កាត់ថ្លៃ​បាន​ក្នុង​គ្រប់​កាលៈទេសៈ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​វិស័យ​ទឹកស្អាត​។ ការចូលរួម​និង​ជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ម្ចាស់ជំនួយ ជាពិសេស​ភាគី​មិត្ត​ជប៉ុន នឹង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួលទាន​ទឹកស្អាត នៅតែ​នឹក​នៅតែ​ចាំ​ជានិច្ច ស្របតាម​សុភាសិត​ខ្មែរ​ដែលថា​បាន​ផ្លែឈើ​ហូប​ត្រូវ នឹកឃើញ​ដល់​អ្នក​ដាំ​ដើមឈើ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×