ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសហការី បានអញ្ជើញមកចម្ការដូងរបស់ក្រុមហ៊ុន មេហ្គាហ្វើស (MEGA First Plantation) ជាក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច ដែលទទួលសិទ្ធិវិនិយោគវិស័យកសិកម្មលើផ្ទៃដីប្រមាណជាង ៩ ៤៧៧ហ.ត នៅឆ្នាំ២០១២ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន ក្រុមហ៊ុនបានចុះបញ្ជីប្លង់រឹងបាន ៦៤១៩ហ.ត បានដាំ ដំណាំដូងចំនួន ៧០០ហ.ត ក្នុងនោះ ៨០% ជាដូងយកប្រេង (នាំពូជចូលពីប្រទេសម៉ាឡេស៊ី ផ្លែធំ សាច់ក្រាស់ ប្រេងច្រើន) ដែលមានអាយុកាល ៣ឆ្នាំ សង្ឃឹមថានឹងប្រមូលផល ២ ឆ្នាំក្រោយ។ មានមន្ត្រីជំនាញចំនួន ៣៥នាក់ជានិស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មកំពង់ចាម និងកម្មករក្នុងតំបន់ជាង ២០០នាក់បន្ថែមទៀត។
គោលបំណងរបស់ក្រុមហ៊ុន គឺដាំដុះដូងក្រអូបសម្រាប់ការប្រើប្រាស់ទឹក ដូងយកប្រេងសម្រាប់ចម្រាញ់យកប្រេង និងដូងសម្រាប់ចម្រាញ់យកខ្ទិះ។ សម្រាប់អនាគត ក្រុមហ៊ុនគ្រោងនឹងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងកសិករនៅក្នុងតំបន់នេះ ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងកសាងរោងចក្រ កែច្នៃប្រេង បង្កើតការងារ បង្កើតប្រាក់ចំណូល និងប្រើប្រាស់ដីតំបន់ខ្ពង់រាបខេត្តមណ្ឌលគីរីឲ្យអស់លទ្ធភាព និងទទួលបានប្រសិទ្ធភាពផ្នែកសង្គម និងសេដ្ឋកិច្ចខ្ពស់។ ក្នុងឆ្នាំ ២០២១-២០២២ ក្រុមហ៊ុនគ្រោងដាំឲ្យបាន ៥០០០ម៉ឺនកូនបន្ថែមទៀត។ ក្រៅពីការងារដាំដុះដំណាំគោល (ដូង) ក្រុមហ៊ុនកំពុងដាំកៅស៊ូ ក្រូច ស្វាយ និងដំណាំ macadamia លើផ្ទៃដី ៥០ហ.ត ដើម្បីធ្វើការពិសោធន៍អំពីគុណភាពដី និងក្សេត្របរិស្ថានរបស់ប្រភេទដំណាំទាំងអស់នេះ។ ជាបឋម លទ្ធផលទទួលបានបង្ហាញថាដំណាំ macadamia ដែលជាដំណាំសេដ្ឋកិច្ចថ្មី កំពុងមានទីផ្សារនៅក្រៅប្រទេស មានការលូតលាស់ និងផ្តល់ផលបានល្អយ៉ាងល្អ។ យោងលើលទ្ធផលជាក់ស្តែង ក្រុមហ៊ុនគ្រោងនឹងពង្រីកផ្ទៃដីដាំ macadamia ឲ្យបានច្រើននាពេលអនាគត។
ទទួលបានរបាយការណ៍ពីនាយកបច្ចេកទេស និងបានចុះពិនិត្យដំណាំគ្រប់ផ្នែក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើសមិទ្ធផលដែលក្រុមហ៊ុនសម្រេចដូចបានឃើញជាក់ស្តែង គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ឆ្លៀតយកឲ្យកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំអំពីការរៀបចំនីតិវិធីនៃការអភិវឌ្ឍដីសប្បទានសេដ្ឋកិច្ច ធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ការអនុវត្តតាមផែនការមេដែលបានឯកភាព ការគ្រប់គ្រង ការងារដាំដុះ បញ្ហាទឹក និងថាមពលអគ្គីសនី និងការសាកពិសោធន៍ដំណាំ macadamia។ល។ ចំពោះការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តខិតខំពង្រីកផ្ទៃដីដាំដុះ ដើម្បីបំពេញតាមសេចក្តីត្រូវការរោងចក្រធ្វើការកែច្នៃប្រេង ទឹក ឬខ្ទិះ។ មួយវិញទៀត ត្រូវធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ ដើម្បីពង្រីកសក្តានុពលដំណាំ macadamia ដែលជាដំណាំថ្មីមួយមានតម្លៃខាងសេដ្ឋកិច្ចខ្ពស់ ហើយគួរណែនាំឲ្យសហគមន៍ និងកសិករដាំជាដៃគូដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម និងរដ្ឋបាលព្រៃឈើ ក្នុងបំណងធ្វើការអភិវឌ្ឍដីសប្បទានសេដ្ឋកិច្ចនេះ ប្រយោជន៍ទទួលបាននូវតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមសមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណើនប្រាក់ចំណូលគ្រួសារ និងបង្កើតការងារក្នុងមូលដ្ឋាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ