ក្មេងៗសព្វថ្ងៃនេះឆ្លាតៗណាស់ ដោយពួកគេឆាប់យល់ និងចាប់បាននូវជំនាញអ្វីៗ ហើយជារឿយៗក៏ជាអ្នកបង្រៀនយើងជាមនុស្សចាស់ ឬ ពេញវ័យនូវអ្វីថ្មីៗ ដែលចេះមិនដល់ ជាពិសេសជាមួយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។
ហេតុដូច្នេះហើយ វាមិនមានការភ្ញាក់ផ្អើលនោះទេ ដែលពួកគេមានសមត្ថភាព ក្នុងការប្រើស្មាតហ្វូន ហើយក្មេងខ្លះថែមទាំងអាចទិញទំនិញតាមអ៊ិនធឺណេតដោយខ្លួនឯងបានទៀតផង នេះជាការពិត!។
ជាក់ស្តែង ស្ត្រីម៉ាឡេស៊ីម្នាក់ឈ្មោះ Ain Musa បានចែករំលេកនៅលើគ្រុបហ្វេសប៊ុកមួយ បង្ហាញពីការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា កូនស្រីអាយុ ៥ ឆ្នាំ របស់នាង បានទិញស្បែកជើងម៉ាក Elsa តាមរយៈការទិញទំនិញតាមអ៊ិនធឺណេតដោយមិនបានដឹង។
នៅក្នុងការបង្ហោះរបស់នាង ម្តាយរូបនេះបានចែករំលែកពីការភ្ញាក់ផ្អើលនេះ នៅពេលនាងទទួលកញ្ចប់អីវ៉ាន់ពីអ្នកដឹកទំនិញ ខណៈនាងពុំបានធ្វើការបញ្ជាទិញទំនិញអនឡាញណាមួយពីមុនសោះ។ នៅពេលនាងឆែកមើលខ្លឹមសារក្នុងប្រអប់ នាងពិតមានការភ្ញាក់ផ្អើល ខណៈរកឃើញស្បែកកូនក្មេង១គូក្នុងនោះ។
ភ្លាមៗនោះ នាងបានចូលទៅបើកកម្មវិធី Shopee របស់នាង ហើយវាបានបង្ហាញថា មិនមែនការបញ្ជាទិញត្រូវបានធ្វើឡើងនោះទេ។ បន្ទាប់មក នាងក៏បានបើកកម្មវិធី Lazada មួយទៀត ឃើញហើយកប់យោបល់ និងសុំចាញ់កូនៗហើយ។
នាង Ain បានប្រាប់ឲ្យដឹងថា ស្បែកជើងនោះមានតម្លៃ ១៥ ដុល្លារ ហើយកូនស្រីរបស់នាងពុំមែនទិញតែ១គូទេ គឺទិញដល់ទៅ២គូ ព្រោះនាងចង់ឲ្យប្អូនស្រីតូចរបស់នាងបានពាក់ដែរ។
Ain ក៏បាននិយាយត្រង់ៗថា នាងចង់ស្តីបន្ទោសកូនស្រីដែរ ប៉ុន្តែ បន្ទាប់ពីបានឃើញទឹកមុខដ៏រំភើបរបស់កូន នាងក៏បានរំសាយអារម្មណ៍ខឹង ធ្វើម៉េចបើអ្វីៗបានកើតឡើងទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង