សៀមរាប ៖ លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននិងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ នេះបានសរសេរសារលើ facebook ថា សូមចូលរួមត្រេកអរជាមួយ លោក គង់ សារុន ដែលបានទទួលយុត្តិធម៌ក្រោយពេលមានវិវាទដីធ្លីអស់រយៈពេល២៦ឆ្នាំមកនេះ។
លោកដួងតារា បានឲ្យដឹងថា តាមការបញ្ជាក់ពី លោក គង់ សារុន អំពីលទ្ធផលនៃការកាត់ក្តីករណីវិវាទដីធ្លីទំហំ (១០មx២០ម) ដែលរាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចឲ្យគាត់ឈ្នះក្តី ដោយយោងទៅលើភស្តុតាងទីតាំងដីនៃភាគីវិវាទទាំង២នៅទីតាំងផ្សេងគ្នា។ ករណីនេះបើភាគីណាមួយប្តឹងសាទុក្ខពីការសម្រេចនេះ នោះតុលាការកំពូលជាអ្នកសម្រេចចុងក្រោយម្តងទៀត។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយសារមានភាគីម្ខាងទៀតឈ្មោះ (ស៊ិន យឿម) តំណាងដោយឈ្មោះ នង ចន្នី បានប្ដឹងទាមទារដីកម្មសិទ្ធិស្របច្បាប់របស់ គង់ សារុន ដែលគាត់មានប្លង់រឹងកាន់កាប់និងកំពុងរស់នៅមកទល់សព្វថ្ងៃ ទៅតុលាការគ្រាប់ជាន់ថ្នាក់ ធ្វើឲ្យគាត់ចាញ់ក្ដីទាំងអយុត្តិធម៌ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១ ។ ទោះបីមានការប្តឹងផ្តល់បែបនេះក៏ដោយក៏ លោក គង់ សារុន នៅតែបន្តរស់នៅកាន់កាប់លើដីនេះរហូតមកទល់សព្វថ្ងៃ ព្រោះគាត់អះអាងថាជាដីរបស់គាត់ពិតប្រាកដដែលមានកម្មសិទ្ធិប្លង់រឹងកាន់កាប់ទៀតផង។ ដោយមានការភ័យខ្លាចបើរឿងក្តីនេះបែរជាចាញ់ភាគីម្ខាងទៀតទាំងស្រុងមែននោះ គឺគាត់មិនដឹងជាត្រូវនាំប្រពន្ធនិងកូនទាំង៧ ទៅណាទីណាឡើយ។ នៅថ្ងៃទី ២៩ ធ្នូ ២០២០ ខ្ញុំបានអញ្ជើញគាត់មកជួបពិភាក្សានៅទីស្តីការគណៈរដ្ឋមន្ត្រី។
តាមការបំភ្លឺរបស់ លោក គង់ សារុន បញ្ជាក់ថា កាលពីឆ្នាំ១៩៩២ គាត់បានរស់នៅកាន់កាប់ អាស្រ័យផលលើទីតាំងដីកម្មសិទ្ធិទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ) ដែលមានប្រពន្ធ និងកូន ៧នាក់កើតនៅលើទីតាំងដីដែលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤, មានបង្កាន់ដៃទទួលពាក្យលេខ ១០៤៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៤) ។
ក្រោយមកមន្ទីរសុរិយដីខេត្តសៀមរាប បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ (17100208-0479) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្តល់ជូនលោក គង់ សារុន ត្រឹមត្រូវតាមច្បាប់។
កន្លងមក ឈ្មោះ គង់ សារុន បានចាញ់ក្តីនៅសាលាដំបូង និងសាលាឧទ្ធរណ៍ (១៦ មីនា ២០១៧) រួចហើ់យ។ ហើយនៅចុងក្រោយគឺតុលាការកំពូលត្រូវការឲ្យពិនិត្យលើភស្តុតាងបញ្ជាក់អំពីទីតាំងវិវាទ។
នៅថ្ងៃទី ១៤ កុម្ភៈ ២០១៨ មន្ទីរសុរិយោដីខេត្តសៀមរាប បានចេញលិខិតលេខ (១៥៥ ដនសស.សរ) ដោយបញ្ជាក់ថា តាមផែនទីបង្ហាញទីតាំងដីស្នើសុំលេខ (AII 0066) មានទំហំ (២៦៥៥ ម៉ែត្រការ៉េ) របស់ នង ចន្នី និងទីតាំងនៃក្បាលដីលេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ) របស់ ឈ្មោះ គង់ សារុន គឺស្ថិតនៅទីតាំងផ្សេងគ្នា។
លោក គង់ សារុន បានដាក់ជូនលិខិតបញ្ជាក់ពីមន្ទីរដែនដី លេខ ១៥៥ ដនសសសរ ចុះថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៨ ទៅតុលាការ។ តុលាការកំពូលក៏បានឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះករណីនេះឡើងវិញ។ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ សាលាឧទ្ធរណ៍ក៏បានប្រកាសសាលដីការដោយសម្រេចឲ្យភាគី លោក គង់ សារុន ឈ្នះក្តីដោយច្រានចោលការទាមទាររបស់ដើមចោទ។
លោក គង់ សារុន និងភរិយា ព្រមទាំងកូនៗទាំង៧នាក់ បានគោរពអរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅបំផុតដែលបានជួយផ្តល់យុត្តិធម៌ដែលគាត់បានទន្ទឹងរង់ចាំអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ។
លោកដួងតារាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន សូមគោរពថ្លែងអំណរគុណសម្តេចតេជោដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចទទួលបានជោគជ័យ។ ខ្ញុំក៏សូមអរគុណចំពោះកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមផ្តល់នូវភស្តុតាងនិងការបញ្ជាក់ផ្សេងៗចំពោះករណីប្រជាពលរដ្ឋនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ចប់វិវាទដែលមារយៈពេល២៦ឆ្នាំមកនេះបានជោគជ័យជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ