Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​ចំការមន នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹក បាន​៧០% នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​

​ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​ចំការមន នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹក បាន​៧០% នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ពោលគឺ​បន្ថែម​លើ​សមត្ថភាព​ផលិត​ទឹកស្អាត​បច្ចុប្បន្ន ពី ៦០​ម៉ឺន​ម៉ែត្រគូប​/​ថ្ងៃ ឱ្យ​ឡើង​រហូតដល់ ១​លាន​ម៉ែត្រគូប​/​ថ្ងៃ នៅ​ឆ្នាំ​២០២៤​។
​ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត ស្របតាម​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ពង្រីក​ផ្ទៃ​សេវា​របស់ខ្លួន ឱ្យបាន ១០០% នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានរៀបចំ​នូវ​ផែនការមេ​ដំណាក់កាល​ទី​៣ ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០៣០​។ នៅក្នុង​ផែនការមេ​ដំណាក់កាល​ទី​៣​នេះ បានកំណត់ នូវ​កម្មវិធី​វិនិយោគ​ដ៏​ធំ ដែលមាន​ទំហំ​ថវិកា​ប្រមាណ​ជា ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​គោលបំណង​បង្កើន​សមត្ថភាព ផលិត​ទឹកស្អាត​បន្ថែម​លើ​សមត្ថភាព​ផលិត​ទឹកស្អាត​បច្ចុប្បន្ន ។

​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន គឺជា​គម្រោង​ទី​១ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ ដែល​បានបញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​នា ខែតុលា ឆ្នាំ​២០១៩​។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥​ម៉ឺន​២​ពាន់​ម៉ែត្រគូប​/​ថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹកស្អាត​បានត្រឹមតែ​១​ម៉ឺន​២​ពាន់​ម៉ែត្រគូប​/​ថ្ងៃ​ប៉ុណ្ណោះ​។ នៅក្នុង​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​នេះ រួមមាន​ការពង្រីក​ប​ណ្តា​ញ​បំពង់​ទឹកស្អាត ប្រវែង​៥៨០​គីឡូម៉ែត្រ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៨​ម៉ឺន​នាក់ បានទទួល​ទឹកស្អាត​ប្រើប្រាស់​ផ្ទា​ល់ពី​បណ្តាញទឹក​របស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ចំណូល​ទាប រស់​នៅតាម​សហគមន៍ ស្ថិតនៅ​តំបន់​ជាយ រាជធានី​ភ្នំពេញ​ប៉ែក​ខាងត្បូង​។

​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​ទី​២ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ នៅពេល​សិក្សា​របាយការណ៍​សមិទ្ធិ​លទ្ធភាព​នៅ​ឆ្នាំ​២០១៧ បានកំណត់​ទីតាំង​របស់​គម្រោង ស្ថិតនៅ​សង្កាត់​បាក់​ខែង មាន​ចំងាយ​១០​គីឡូម៉ែត្រ ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​)​។ ទីតាំង​គម្រោង​សាងសង់​ស្ថិតនៅ​សង្កាត់​បាក់​ខែង លើ​ផ្ទៃដី​ទំហំ​ធំ និង​ផ្លូវ​ទាំងសងខាង មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល ក្នុងការ​តម្លើង​បំពង់​មេ ដែលមាន​អង្កត់ផ្ចិត​ធំ ដើម្បី​ដាក់​ឆ្លងកាត់​តាម​បាតទន្លេ​សាប រួច​ត​ភ្ជាប់​មក​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ពិសេស​ជាងនេះទៀត នោះ គុណភាព​ទឹកទន្លេ​មេគង្គ​លើ​មានគុណ​ភាពល្អប្រសើរ ជាង​គុណភាព​ទឹកទន្លេ​មេគង្គ​ក្រោម​។ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​សាងសង់​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៤០​ម៉ឺន​ម៉ែត្រគូប​/​ថ្ងៃ​។
​ក្រុមហ៊ុន Vinci Contruction Grands Projets ទទួលបាន​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​ម្ម​ទឹកស្អាត បាក់​ខែង តាមរយៈ​ការប្រកួតប្រជែង​ដេញថ្លៃ ជា​លក្ខណៈ​អន្តរជាតិ នា​ឆ្នាំ​២០១៩ ហើយ​នេះ​ក៏​ជាការ​អនុវត្ត​គម្រោង​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ជា​លើក​ទី​៣ របស់​ក្រុមហ៊ុន ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រគល់​ឱ្យ​។ ក្រុមហ៊ុន Vinci Contruction Grands Projets បានបញ្ចប់​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត និរោធ​ជំហាន​ទី​២ (២០១៤-២០១៧) និង​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន (២០១៧ ២០១៩)​។ សរុប​តម្លៃ​កិច្ចសន្យា​សាងសង់​ទាំងបី​មាន​ប្រមាណ​ជា ២១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​លើសពីនេះទៅទៀត រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ពង្រីក​បំពង់​មេ និង​បំពង់​ចែកចាយ​ទឹក​របស់ខ្លួន នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​គិតដល់​ឆ្នាំ​២០២៥ មាន​បំពង់​មេ​នាំ​ទឹក​អង្កត់ផ្ចិត​ធំ ប្រវែង​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ និង​បំពង់​ចែកចាយ​មាន​អង្កត់ផ្ចិត​តូច ប្រវែង​ប្រមាណ​ជា ១​ពាន់​គីឡូម៉ែត្រ ត្រូវការ​ថវិកា​សម្រាប់ វិនិយោគ​ប្រមាណ​ជា​១៧០​លាន​ដុល្លារ​អាមេរិក​។ តាមរយៈ​ការពង្រីក​បណ្តាញ​បំពង់​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​លាន​នាក់ នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ផ្ទាល់ ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បន្ថែម​។​

​គួរ​បញ្ជាក់ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ប្រឈម​នឹង​កំណើន​តម្រូវការ នៃ​ការប្រើប្រាស់​ទឹកស្អាត​យ៉ាងគំហុក ចាប់តាំងពី​ដើមឆ្នាំ​២០១០​មក​។ កំណើន​នេះ បាន​កើតឡើង​ដោយសារ សកម្មភាព​សាងសង់​សំណង់​អគារ​ខ្ពស់ៗ ក៏ដូចជា​ប្រជាពលរដ្ឋ​មានការ​កើនឡើង​។ ជា​កិច្ច​ឆ្លើយតប រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​បង្កើន​សមត្ថភាព ផលិត​ទឹកស្អាត​របស់ខ្លួន​ឡើង​ទ្វេ​រដង ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៧ ក្នុង​ក្របខណ្ឌ​ផែនការមេ​ដំណាក់កាល​ទី​២ ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០២០៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×