ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកផលិតអនឡាញល្បីល្បាញខាងជេរ និងហែកកេរ្តិ៍អ្នកនេះអ្នកនោះ ជាពិសេសនិយាយដៀមដាមថាឲ្យចំៗទៅលើអ្នកស្រី ទ្រី ដាណា សុទ្ធតែស្រីមុខឈើ ស្រីប្តី៣ ប្តី៤ ឬ បង្អាប់ឲ្យពូម៉ៅ ជាប្តីកញ្ជះប្រពន្ធជាដើម បានចូលខ្លួនទៅបំភ្លឺនៅតុលការពាក់ព័ន្ធរឿងបរិហាកេរ្តិ៍ ក្រោយសមត្ថកិច្ចឡោមព័ទ្ធផ្ទះ។ ប៉ុន្តែ រឿងនេះគេពុំបានដឹងថា អ្នកណាជាដើមបណ្តឹងនោះទេ។
ហាក់ដូចជាស្របពេលណាស់ ក្រោយឧកញ៉ា អ៊ាន សៀវម៉ី ត្រូវសមត្ថកិច្ចឡោមព័ទ្ធផ្ទះ និងចូលខ្លួនទៅបំភ្លឺនៅតុលាការទាក់ទងរឿងបរិហាកេរ្តិ៍រួច ស្រាប់តែអ្នកស្រី ទ្រី ដាណា បានចេញមុខបង្ហោះវីដេអូ និងភ្ជាប់សារបែបនេះថា៖ «ជេរគេសាហាវណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ មើលហើយពិចារណាផងបងប្អូន ខ្ញុំតំណាងឲ្យសមាជិកក្នុងដៃជាង៧ម៉ឺននាក់ រង់ចាំការសម្រេចពីតុលាការរកយុត្តិធម៌ឲ្យខ្ញុំ»។
ដោយឡែក កាលពីយប់មិញនេះ (៣១ ខែមករា) អ្នកស្រី ទ្រី ដាណា ក៏បាន Live វីដេអូលើកឡើងប្រធានបទ «គាំទ្រលុបបំបាត់វប្បធម៌ការឡាយហ្វេសប៊ុកជេរតាមប្រព័ន្ធអនឡាញ»។ ដោយក្នុងនោះ អ្នកស្រីនិយាយថា «តោះ! បងប្អូនបោះឆ្នោតទាំងអស់គ្នា សំណួរសួរថា តើបងប្អូនចង់ឲ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញបន្តទៀតដែរ ឬអត់? ចម្លើយ(A) មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញទេ/ ចម្លើយ(B) ចង់ឲ្យមានការជេរបញ្ចោរសេរី តាមប្រព័ន្ធអនឡាញ។ ចំណែកខ្ញុំវិញ ខ្ញុំសូមជ្រើសរើសយកចម្លើយ A ហើយ ព្រោះខ្ញុំមិនចង់ឲ្យមានវប្បធម៌ជេរស្ដីតាមប្រព័ន្ធអនឡាញឡើយ ព្រោះរូបខ្ញុំតាំងពីដើមមក ស្មោះត្រង់រស់នៅមិនប៉ះពាល់ទៅលើអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនជិះជាន់អ្នកដទៃ មិនមើលងាយអ្នកដទៃ ឬជេរបញ្ចោរតាមប្រព័ន្ធអនឡាញឡើយ រូបខ្ញុំមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះក៏ដោយ សារការសាងអំពើល្អភាពត្រឹមត្រូវ រស់នៅមិនប៉ះពាល់ជាមួយអ្នកដទៃឡើយ ដូច្នេះខ្ញុំសូមបោះឆ្នោតឲ្យចម្លើយ(A) ខ្ញុំចង់លុបបំបាត់ការជេរបញ្ចោរតាមប្រព័ន្ធអនឡាញ និងវប្បធម៌លក់ដូរជេរបញ្ចោរគ្នាហែកហួរគ្នា បរហាកេរ្តិ៍គ្នាតាមប្រព័ន្ធអនឡាញ។ ព្រោះខ្ញុំមានកូន និងប្អូនជំនាន់ក្រោយសម្រាប់យកគំរូតាម ដូច្នេះខ្ញុំមិនចូលចិត្តវប្បធម៌ជេរស្ដីហែកហួរគ្នាតាមប្រព័ន្ធអនឡាញឡើយ»។
តែយ៉ាងណាមិញ ក្នុងខណៈពេលដែលអ្នកស្រី ទ្រី ដាណា កំពុងបំផុសឲ្យមានការលុបបំបាត់វប្បធម៌ ជេរបញ្ចោគ្នាតាមប្រព័ន្ធអនឡាញនោះ ក៏ស្រាប់តែអតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា បានចូលខមិនស្វែងរកការជួយពីអ្នកស្រី ទ្រី ដាណា ដោយក្នុងនោះ ចាន់ឡា បាននិយាយថា៖ «នាងខ្ញុំ លៀងចាន់ឡា សូមអត់ទោសបងស្រីជំទាវ ចិត្តធម៌ជួយ ប្អូនផង ប្អូនចង់លក់ផលិតផលបង ហើយម្តាយប្អូនមានជំងឺមហារីក មាត់ស្បូន និងដុំគីស បងជួយអូនផងបងស្រី»។
ទោះជាបែបនេះក្តី ការស្នើសុំនេះ គេពុំទាន់បានឃើញអ្នកស្រី ទ្រី ដាណា ធ្វើការឆ្លើយតបនៅឡើយទេ។ តែយ៉ាងណា យើងសង្ឃឹមថា អ្នកស្រី ទ្រី ដាណា នឹងជួយនាង ព្រោះនាងពុំបានសុំលុយនោះទេ ដោយគ្រាន់តែចង់សុំលក់ផលិតរបស់អ្នកស្រីប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង