លោក Carlos Alberto GH ជាវិចិត្រករជនជាតិម៉ិចស៊ីកូម្នាក់ រស់នៅក្នុងទីក្រុង Guadalajara មានជំនាញខាងសិល្បៈតាមដងផ្លូវ តែងបង្ហាញដល់អ្នកទស្សនានូវរូបភាពគំនូរ 3D ប្លែកៗគ្រប់ប្រភេទ ដែលកើតឡើងនៅតាមទីកន្លែងជាច្រើន។
វិចិត្រករតាមដងផ្លូវរូបនេះ មានសមត្ថភាពបង្វែរអ្វីៗដែលគាត់អាចគិតឃើញ ប្រែទៅជាការបំភាន់ភ្នែកអ្នកទស្សនា ឬ អ្នកដំណើរ ជាមួយរូបគំនូរ 3D ដ៏ស្រស់ស្អាត។ ក្នុងនោះ គឺចាប់ពីសត្វស្លាប សត្វល្មូន ឬ ត្រីបាឡែន ដែលមើលទៅហាក់ដូចជាផុសចេញពីជញ្ជាំង ឬ លើដងផ្លូវអ៊ីចឹង។
វិចិត្រករវ័យ ៣១ ឆ្នាំ រូបនេះ ឥឡូវនេះបានលះបង់ពេលវេលា និងការយកចិត្តទុកដាក់ទាំងអស់របស់គាត់ ចំពោះសិល្បៈអាណាម៉ូហ្វីក (សិល្បៈទស្សនវិស័យបង្ខូចទ្រង់ទ្រាយ) និងផ្ទាំងគំនូរតាមដងផ្លូវ។
លោក Carlos ស្រឡាញ់ចូលចិត្តសិល្បៈតាំងពីដំបូង នៅវ័យកុមារភាពរបស់គាត់ៗ គ្រាន់តែគូរ និងលាបពណ៌ ហើយបន្ទាប់មក បានចូលរួមការប្រកួតផ្សេងៗ។ វិចិត្រករវ័យក្មេងរូបនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងសិល្បៈអាណាម៉ូហ្វីក ព្រោះវាងាយស្រួលសម្រាប់គាត់ ក្នុងការទាក់ទងជាមួយមនុស្ស។
ទោះបីជាគាត់បានធ្វើសិល្បៈ 3D តាមដងផ្លូវ ក្នុងរយៈពេលខ្លីក៏ដោយ តែលោក Carlos Alberto GH បានចូលរួមក្នុងពិព័រណ៍គំនូរ និងគំនូរតាមដងផ្លូវអន្តរជាតិ នៅជុំវិញពិភពលោក ចាប់ពីសហរដ្ឋអាមេរិក រហូតដល់ប្រទេសរុស្ស៊ី និងអេស្ប៉ាញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង