ភ្នំពេញ ៖ នេះជារឿងគួរឲ្យចាប់អារម្មណ៍ និងស្ទើរតែមិនគួរឲ្យជឿសោះ ខណៈដែលប្រជាពលរដ្ឋស៊ូទ្រាំលែងបានៗ សម្រេចចិត្តបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន និងក៏ដូចថ្នាក់លើ ជួយអន្តរាគមន៍ផង ព្រោះថា នៅពេលនេះ ស្ទើរតែមួយក្រុងបាត់ដំបងទាំងពូល ពោរពេញទៅដោយផ្សែងដុតសំរាមថង់ប្លាស្ទិក ចេញពីតំបន់បុរីឯកភ្នំ បានបង្កក្លិនស្ងៀមឈួលជះឥទ្ធិពលដ៏ពិបាកទ្រាំ ដែលសូម្បីដេកក៏ត្រូវពាក់ម៉ាស់ដែរ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Satya SH បានបង្ហោះសាររៀបរាប់ពីបញ្ហានេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឲ្យដឹងថា៖ «ប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង ទាំងមូលមិនយូរទេប្រហែលជាកើតជំងឺសួតងាប់អស់មិនខានឡើយ មិនចាំបាច់ជំងឺកូរ៉ូណាចូលមកទេ។
ដោយសារតែការដកដង្ហើមស្រូបយកផ្សែងពុលអាក្រក់ពីការដុតសំរាម ថង់ផ្លាស់ស្ទិក បង្កអោយមានផ្សែងពុលសក្បុះដូចអ័ព្ទពេញក្នុងក្រុងទាំងមូល។ ដេកយប់ឡើងក៏ពាក់ម៉ាស់ដែរ ព្រោះប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងក្រុងបាត់ដំបងទាំងមូល ត្រូវទទួលក្លិនស្ងៀមមិនល្អ គឺក្លិនអាក្រក់នេះ។
ដោយក្ដីអនុគ្រោះពីខ្ញុំក៏ដូចជាប្រជាជនក្នុងខេត្តបាត់ដំបងទាំងអស់ សូមបងប្អូនជួយចែករំលែកដើម្បីឲ្យអាជ្ញាធរបានឃើញ និងចុះជួយទប់ស្កាត់ជាបន្ទាន់ផង»។
ជាមួយគ្នានេះផងដែរ គេក៏បានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដែលជាអ្នកក្រុងបាត់បាត់ដំបង ក៏កំពុងប្រឈមនឹងបញ្ហានេះ បានលើកឡើងឲ្យដឹងផងដែរថា៖ «ខ្ញុំនៅជិតម្ដុំនឹង អស់និយាយហើយ, ខ្ញំធ្លាប់លើកច្រើនដែរ ប៉ុន្តែគ្មានដំណោះស្រាយសោះ, នៅផ្លូវឯកភ្នំ ខ្លាំងជាងនឹងទៀត ដោះស្រាយអត់ចេញទេ, យប់មិញដេកអត់លក់ទេភ័យបង ឥឡូវដេកឈឺហើយ, រាល់យប់ដូចចុះអ័ព្ទអ៊ីចឹង,….»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការដុតសំរាមថង់ប្លាស្ទិក ឬស្លឹកឈើ នៅតាមទីសាធារណៈ ត្រូវបានហាមឃាត់ដោយច្បាប់នៅសហភាពអឺរ៉ុប ពីព្រោះវាបញ្ចេញផ្សែងពុលក្នុងចំនួនដ៏ច្រើនទៅក្នុងបរិយាកាស ដែលធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម។ ដូច្នេះ សូមលោកអភិបាលខេត្ត/ក្រុង មេត្តាមានវិធានការណ៏ចំពោះបញ្ហានេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង