ក្មេងស្រីម្នាក់ឈ្មោះថា Zhou Chuna បាននិងកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមចិន។ ចំណុចពិសេសបំផុតរបស់ Zhou គឺថានាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សរហូតដល់ប្រហែល ១០០ ដង នៅក្នុងរយៈពេល ៣ ឆ្នាំ។
Zhou អាយុទើបតែ ១៦ ឆ្នាំ ត្រូវបានសារព័ត៌មានចិននិយាយថា ជាអ្នកញៀនវះកាត់កែសម្ផស្សដ៏មិនធម្មតាម្នាក់ ព្រោះនាងមិនស្ទាក់ស្ទើរក្នុងការចែករំលែកថា នាងបានឆ្លងកាត់ការ «អន្តរាគមន៍» ពីគ្រឿងសំអាងរាប់មិនអស់ ដើម្បីកែលម្អរូបរាងរបស់នាង។
Zhou ក៏ត្រូវបានចាត់ទុកថាជាតួលេខ «ល្បីល្បាញ» នៅលើបណ្តាញសង្គមចិន ដែលមានអ្នកតាមដានជាង ៣០ ម៉ឺននាក់ ពីក្មេងស្រីម្នាក់នេះ ដែលមានរូបរាងធម្មតា តែមុខមាត់ដូចតុក្កតាជ័រ ក្រោយឆ្លងកាត់កែវះកាត់កែសម្ផស្សក្នុងរយៈពេល ៣ ឆ្នាំ។
តែយ៉ាងណា ជាមួយនឹងកែសម្ផស្សដ៏ច្រើនលើសលុបនេះ ក៏បានបណ្តាលឲ្យ Zhou ត្រូវជួបបញ្ហាសុខភាពផងដែរ ដូចជាធ្លាក់ក្នុងស្ថានភាព «បាត់ការចងចាំ និងភ្លេចភ្លាំងច្រើន»។ ប៉ុន្តែ បើទោះជាបែបនេះក្តី Zhou មានមោនទភាពខ្លាំងថា វាមានតម្លៃសម្រាប់រូបនាងដែលទទួលបានមុខមាត់ដែលខ្លួនចង់បាន។
Zhou បានប៉ាន់ប្រមាណថា នាងបានចំណាយលុយ ៤ លានយ័ន (ស្មើនឹងជាង ៦ សែនដុល្លារអាមេរិក) ទៅលើការវះកាត់កែសម្ផស្សនេះ។ ក្នុងនោះ លុយភាគច្រើនគឺត្រូវបានចំណាយដោយឪពុកម្តាយរបស់នាង ដែលជាអ្នកអាជីវកម្មរកស៊ីមានការរីកចម្រើនគួរសម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង