Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ៖ ពេលយប់​ភាគច្រើន​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នោះទេ ខណៈពេល​ថ្ងៃ​មាន​អ្នក​ពាក់មួក​សុវត្ថិភាព​

កណ្តាល​៖ សម្ដេច​ក្រឡាហោម ស ខេង បានកត់សំគាល់​អំពី​អត្រា​ខុសគ្នា​រវាង​អ្នក​ពាក់មួក​សុវត្ថិភាព​ពេល​ថ្ងៃ និង​ពេលយប់ ដ្បិត​ពេល​ថ្ងៃ​មាន​អ្នកដំណើរ​ប្រើប្រាស់​មួក​ច្រើន ប៉ុន្តែ​ពេលយប់​ភាគច្រើន​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រារព្ធ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល បានធ្វើ​របាយការណ៍​ស្វាគមន៍​ថា​វត្តមាន​សម្ដេច​ក្រឡាហោម​នាឱកាស​នេះ ជាការ​ផ្តល់​កិត្តិយស និង​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​អនុគណៈកម្មការ​ខេត្ត​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ដើម្បីអោយ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ យល់ថា​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺជា​ការគោរព​ស្រលាញ់​អាយុជីវិត​ខ្លួនឯង និង​អាយុជីវិត​អ្នកដទៃ ។​

​ឯកឧត្តម​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០២០ ក្នុង​ខេត្តកណ្តាល​បាន​ធ្លាក់ចុះ​ធៀប​នឹង​ឆ្នាំ​២០១៩ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៦៨​លើក ថយចុះ​៣៦​លើក បណ្តាល​ឲ្យ​ស្លាប់​១២៥​នាក់ ថយចុះ​១៨​នាក់​, រងរបួស​ធ្ងន់​១៤៩​នាក់ ថយចុះ ១០​នាក់​, របួសស្រាល ១៦២​នាក់ កើន​៦៥​នាក់ ។​

​ឯកឧត្តម​បានឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់​១២៥​នាក់ មាន​អ្នកបើកបរ​ទោចក្រយានយន្ត​៨៣​នាក់ ក្នុងនោះ​មិន​ពាក់មួក​៦៨​នាក់ អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត​១៥​នាក់ ក្នុងនោះ​មិន​ពាក់មួក​១១​នាក់ អ្នកបើកបរ​រថយន្ត ៤​នាក់ អ្នករួមដំណើរ​តាម​រថយន្ត​៦​នាក់ ថ្មើរជើង​១៥​នាក់ និង​អ្នកជិះ​កង់​២​នាក់ ព្រមទាំង​ខូចខាតរ​យានយន្ត ព្រមទាំង​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​គ្រឿង​ទៀត ។​

​នៅក្នុង​ឱកាស​នោះដែរ អង្គពិធី​ក៏បាន​ស្ដាប់​នូវ​ការឡើង​ថ្លែង​ចែករំលែក​បទពិសោធន៍​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របស់​យុវតី​ម្នាក់​ដែល​បានធ្វើឱ្យ​នាងរង​របួស​រួមជាមួយ​បងប្អូន​ម្នាក់ទៀត ធ្វើឱ្យ​ក្រុមគ្រួសារ​ជួប​ការលំបាក ដោយសារ​នាង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ខកខាន​ពេលវេលា​សិក្សា ។ នាង​បាន​អំពាវនាវ​ដល់​អ្នកបើក​បរ​ទាំងឡាយ​សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​គ្រប់ពេលវេលា ។​

បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​បាន​សម្ដែង​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​ចំពោះ​គ្រួសារ​សព​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បួងសួង​ជូន​ជនរងគ្រោះ​កំពុង​រងរបួស និង​ស្ថិតនៅ​មន្ទីរពេទ្យ សូម​ឆាប់​បានជា​សះស្បើយ និង​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​ឡើងវិញ ។​

​សម្ដេច​បាន​មានប្រសាសន៍ថា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាស​យក​ឆ្នាំ​២០២០​ដាក់ចេញ​វិធានការ​ចាំបាច់​នានា​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើនឡើង​កាលពី​ឆ្នាំ​២០១៩ ក្នុងនោះ​មានការ​កែសម្រួល​អនុក្រឹត្យ​ស្ដីពី​ការផាកពិន័យ​អន្តរកាល និង​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ អត្រា​ស្លាប់ អត្រា​រង​បួស និង​ការ​ខូច​ខា​តាំ​ទ្រព្យសម្បតិ្ត ។

​សម្ដេច​បាន​រំលឹកថា នៅពេល​ចាប់ផ្ដើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយ​បង្កើន​កម្រិត​ទឹកប្រាក់​ផាកពិន័យ រាជរដ្ឋាភិបាល ពិសេស​សម្ដេច​ផ្ទាល់​បាន​ទទួលរង​ការរិះគន់​ថា​យក​ច្បាប់​ចរាចរណ៍​មក​ដាក់បន្ទុក​លើ​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​កាលនោះ​សម្ដេច​បាន​រក្សា​ជំហរ​មិន​ទទួលយក​ការរិះគន់​នោះឡើយ ដោយសារ​សម្ដេច​មិន​ប្រកាន់​ជំហរ​ថា​ពលរដ្ឋ​គោរព​ច្បាប់ នឹង​ចៀសផុត​ការផាកពិន័យ ចៀស​ផុតពី​គ្រោះថ្នាក់ ស្លាប់ និង​រងរបួស ដែលជា​ការជួយ​ដល់​ប្រជាជន ។​

​ទន្ទឹមនឹង​ការតម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​ច្បាប់ សម្ដេច​បាន​មានប្រសាសន៍ថា ក្រសួង​ក៏បាន​ណែនាំ​កម្លាំង​សមត្ថកិច្ច​ដឹកនាំ និង​អនុវត្ត​ច្បាប់​ប្រកបដោយ​ការទទួលខុសត្រូវ ពិសេស​ត្រូវ​ផ្ដល់​ភាពជា​គម្រូ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិនមែន​ណែនាំ​តែ​ពលរដ្ឋ​គោរព​ច្បាប់ តែ​ខ្លួនឯង​បែរជា​ឆកល្វែង​នោះឡើយ ។

​ជាមួយគ្នានេះ​នោះដែរ សម្ដេច​ក៏បាន​កត់សំគាល់​អំពី​អត្រា​ខុសគ្នា​រវាង​អ្នក​ពាក់មួក​សុវត្ថិភាព​ពេល​ថ្ងៃ និង​ពេលយប់ ដ្បិត​ពេល​ថ្ងៃ​មាន​អ្នកដំណើរ​ប្រើប្រាស់​មួក​ច្រើន ប៉ុន្តែ​ពេលយប់​ភាគច្រើន​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នោះទេ ។ សម្ដេច​បាន​អំពាវនាវ​អ្នកដំណើរ​ពេលយប់​សូមជួយ​អាយុជីវិត​ខ្លួនឯង កុំ​ធ្វេសប្រហែស​ឱ្យសោះ ពី​គ្រោះ​គ្រោះថ្នាក់​ពេលយប់​ភាគច្រើន គឺមាន​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​តែម្ដង ។​

​សម្ដេច​បាន​មានប្រសាសន៍ថា ជា​មធ្យម នៅ​កម្ពុ​ជាមាន​អ្នកស្លាប់​ប្រមាណ​៤​ទៅ​៥​នាក់ បន្ទាប់ពី​បាន​កាត់បន្ថយ​អត្រា​អ្នកស្លាប់​បាន​ជាង​៣០០​នាក់​ធៀប​នឹង​ឆ្នាំ​២០១៩ ។ សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​ថា ចំនួន​ស្លាប់​ថយចុះ​កាលពី​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​នា​ថ្ងៃនេះ គឺ​ស្មើនឹង​ប្រមាណ​ពាក់កណ្ដាល​នៃ​ចំនួន​អ្នកចូលរួម ។​

​សម្ដេច​បាន​បន្តថា យ៉ាងណាក៏ដោយ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ដែល​អាច​អូសបន្លាយ និង​មាន​កំណើន​គ្រប់ពេលវេលា ប្រសិនបើ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ មើលរំលង​ការអនុវត្ត​ច្បាប់ និង​មិន​គិតគូ​ពី​សុខ​សុ​វត្ថ​ភាព​ខ្លួនឯង និង​អ្នកដទៃ​។ សម្ដេច​បាន​គូសបញ្ជាក់​ពេលនេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជា​លក្ខណៈសម្បត្តិ​មួយ​ក្នុងចំណោម​លក្ខណៈសម្បត្តិ​ទាំង​៧​របស់​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ។​

​សម្ដេច​ក្រឡាហោម បានផ្ដល់​អនុសាសន៍​ណែនាំ​ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​រាជធានី​ខេត្ត គ្រប់​តួអង្គ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ សូម​បន្ត​ស្មារតី​ជំរុញ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ទូលំទូលាយ និង​ប្រកបដោយ​ការយកចិត្តទុកដាក់ ដើម្បី​បន្ត​ឈានទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ អ្នកស្លាប់ រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​។​

​សម្ដេច​ក៏បានផ្ដល់​អនុ​សាសន៍​ឱ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ពង្រឹង​ការផ្ដល់សេវា​រដ្ឋបាល​ពាក់​ព័ន្ធ​នឹង​ចរាចរណ៍ ដូច​ជាការ​ការប្រឡង​យក​បណ្ណ​បើកបរ​ជាដើម ដោយសារ​សម្ដេច​ទទួល​ព័ត៌មាន​មក​ថា​នៅតែមាន​អ្នក​មិនចេះ​បើកបរ​អាច​ទទួលបាន​ប័ណ្ណបើកបរ​ដោយ​គ្រាន់តែ​ចំណាយ​ថវិកា​មួយចំនួន ។​

​ចំណែក​ថវិកា​ដែល​មន្ត្រី​ត្រូវ​ទទួលបាន​ពី​ចំណែក​នៃ​ប្រាក់​ផាកពិន័យ សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ប្ដឹង​មក​សម្ដេច អាច​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ផ្ទាល់​ក៏បាន ប្រសើ​ន​បើ​មានការ​កិបកេង​ថវិកា​ទាំងនោះ ។ ស​ម្ដេចក៏​លើកទឹកចិត្ត​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ប្រសិនបើ​មាន​បញ្ហា​ណាមួយ​នៅ​មូលដ្ឋាន ហើយ​ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ក៏​អាច​រាយការណ៍​មក​សម្ដេច​ដូចគ្នា​បានដែរ ។​

​មុននឹង​បញ្ចប់​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ដែល​បាន​កែសម្រួល​បន្ទាប់ពី​បាន​អនុវត្ត​រយៈពេល​១០​ឆ្នាំ ។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ពេលនេះ​គោលនយោបាយ​នេះ​បាន​លើក​ជា​កម្រិត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​តែម្ដង​។​

​សូមបញ្ជាក់ថា គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព មាន​លក្ខណៈសម្បត្តិ​៧ រួមមាន ១ ផ្ដល់​សេវាសាធារណៈ ជា​ពិ​សេ​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​, ២ គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ក្បែ​ង​ស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​, ៣ មាន​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​, ៤ គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​, ៥ ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​, ៦ មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ និង​ទី​៧ ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះ​មហា​ន្ត​រាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​បំពាក់​មួកសុវត្ថិភាព​ជូន​តំណាង​អង្គពិធី និង​បាន​អញ្ជើញ​ដឹកនាំ​ឯកឧត្តម លោកជំទាវ ជា​គណៈអធិបតី ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×