ភ្នំពេញ ៖ នេះជាករណីថ្មីមួយទៀតហើយ ខណៈដែលរូបភាពជាច្រើនសន្លឹក កំពុងត្រូវបានចែករំលែកបង្ហាញឲ្យឃើញចោរឆក់២ផ្សេងគ្នា តែម៉ូតូ Zoomer ដូចគ្នា ដោយបន្លំធ្វើជាអ្នកដឹកហ្គាស បានធ្វើសកម្មភាពទៅលើជនបរទេស ដោយក្នុងនោះមួយករណីបានសម្រេច និងមួយករណីថ្មីៗនេះពុំបានសម្រេចនោះទេ។
យោងតាមប្រភពចែករំលែកបានឲ្យដឹងថា ករណីទី១ នៅផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចោរ២នាក់ជិះម៉ូតូ Zoomer ដឹកហ្គាស បានធ្វើសកម្មភាពឆក់ទៅលើស្ត្រីបរទេស កំពុងដើរតាមផ្លូវបានសម្រេច នៅវេលាម៉ោង ១២ និង៥១នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
ទាក់ទងនឹងករណីខាងលើនេះ ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកជនបរទេសម្នាក់ឈ្មោះ David Ghani បានបង្ហោះសារឲ្យដឹងថា៖ «ដៃគូរបស់ខ្ញុំត្រូវបានចោរឆក់កាបូបរបស់នាងនៅលើផ្លូវលេខ៩៥ ក្នុងសប្តាហ៍នេះ ទាំងកណ្តាលថ្ងៃ ហើយហេតុការណ៍នេះត្រូវបានថតជាប់ដោយកាមេរ៉ា។ ខ្ញុំពុំបានទៅរំខានប៉ូលិសទេ ប៉ុន្តែប្រសិនបើនរណាម្នាក់បានស្គាល់បុរសទាំងនេះ សូមប្រាប់ខ្ញុំឱ្យដឹង។
ចោរឱកាសនិយម ឃើញច្បាស់ណាស់ កំពុងធ្វើដំណើរដឹកធុងហ្គាស ឬក៏ប្រហែលជាពួកគេទើបតែឆក់។ តាមរយៈរូបភាពនេះ ខ្ញុំសូមព្រមានទៅដល់អ្នកទាំងអស់គ្នា ត្រូវរក្សារបស់មានតម្លៃដោយស្មារតីប្រុងប្រយ័ត្នជានិច្ច នៅពេលអ្នកដើរតាមផ្លូវ» ។
ដោយឡែកករណីទី២ គឺមានចោរ២នាក់ជិះម៉ូតូ Zhoomer ១គ្រឿង ឌុបគ្នា បន្លំជាអ្នកដឹកជញ្ជូនហ្គាសដូចគ្នាដែរ បានធ្វើសកម្មភាពបុរសបរទេសម្នាក់ដែលគេស្គាល់ថាជាលោកគ្រូនាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa ប៉ុន្តែ ពុំបានសម្រេចនោះទេ កាលពីម៉ោង ០៥និង០៣នាទី ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង