ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia បានធ្វើសន្និសីទសារព័ត៌មានស្តីពីការផ្ទេរតំណែង និងគ្រងមកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ សាជាថ្មី បន្ទាប់ពីក្រុមហ៊ុនបានប្រកាសដកតំណែងកញ្ញា សេង រដ្ឋា ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រោយផ្ទុះរឿងរកាំរកូសទាក់ទងនឹងកុងត្រាមួយចំនួនជាមួយក្រុមហ៊ុន។
សូមបញ្ជាក់ថា បវរកញ្ញាឯកគ្រងមកុដទទួលតំណែងបន្តពីកញ្ញា សេង រដ្ឋា គឺបវកញ្ញាស្រីស្អាត លីវ ជីលី ដែលជាប់ជ័យលាភីលំដាប់ទី២។
យ៉ាងណាមិញ ក្រោយពីបានមើលឃើញកើតមានរឿងរ៉ាវដ៏ចម្រូងចម្រាស រហូតក្រុមហ៊ុនសម្រេចចិត្តដក និងផ្ទេរតំណែងកញ្ញាឯក Miss Grand Cambodia ទៅអ្នកគ្រងថ្មីបែបនេះ ក្នុងនោះ តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងនាមជាសិល្បការិនីរៀមច្បង បានបង្ហោះសារក្នុងន័យទូន្មានទៅកាន់ប្អូនៗដែលទើបទទួលតំណែងថ្មី ជាពិសេសទៅកាន់ជ័យលាភីរងទី៤ថ្មីកញ្ញា ខាត់ ស្រីច័ន្ទ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kate Cat ឲ្យប្រកាន់ខ្ជាប់នូវអត្តចរិតជាបវរកញ្ញាប្រចាំប្រទេសឲ្យបានល្អ និងត្រូវចេះអត់ធ្មត់មិនគួរតបតគ្រប់បញ្ហាក្នុងបណ្តាញសង្គម។
អ្នកនាង ចន ច័ន្ទលក្ខិណា សរសេររៀបរាប់យ៉ាងដូច្នេះថា «ឱកាសស្នងមិនមែនជារឿងដែលយើងត្រូវគិតថាខ្លួនអន់នោះទេ តែ គួរគិតថា គឺជាការឈោងចាប់ឱកាសនៃផ្លូវជោគជ័យមួយដែលយើងចង់ដើរ ដើម្បីឆ្ពោះទៅទីខ្ពស់នាពេលអនាគតរបស់ខ្លួន ដោយការដែលយើងចេះដាក់ខ្លួនសម្របតាមកាលៈទេសៈ I love the way you do Smart girl Kate Cat សូមឲ្យប្អូនចាប់ផ្តើមរៀបចំអត្តចរិតជាបវរកញ្ញាប្រចាំប្រទេស ដោយមិនមានការតបតគ្រប់បញ្ហាក្នុង Social Media»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង