Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​កម្ពុ​ជា ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន នៅ​ប្រទេស​វៀតណាម​

​ហាណូយ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ ២០២១ បានចេញ​សេចក្តីជូនដំណឹង​ការជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​។​

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា កាលពី​ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​យ៉ាង ជិតស្និទ្ធ​រវាង​ស្ថានទូត ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​វៀតណាម ស្ថានទូត​បាន​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ចំនួន ៣៥​នាក់ រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ឱ្យបាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​។ ស្ត្រី​រងគ្រោះ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​១៦-៣០​ឆ្នាំ ពុំមាន​លិខិតឆ្លងដែន និង​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន ជួញដូរ​មនុស្ស​នាំ​លួច​ឆ្លងដែន ចូល​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ រួច​ធ្វើដំណើរ​បន្តទៅ​កាន់​ប្រទេស​ទី​៣​។ ភារកិច្ច​របស់​ស្ថានទូត​ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស គឺជា​ការងារ​អាទិភាព​បំផុត​។​

​ដោយឡែក​នៅ​ឆ្នាំ​២០២១​នេះ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ អាជ្ញាធរខេត្ត​កាវ​បាង​របស់​វៀតណាម (​ជាប់​ព្រំដែន​ប្រទេស​ចិន និង​មាន​ចម្ងាយ ៣៧០​គីឡូម៉ែត្រ ពី​ទីក្រុង​ហាណូយ​) បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន ៣​នាក់ ដែល​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​៖

១- ស្ត្រី​រងគ្រោះ​ទី​១ កើត​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០០៤ មាន​អាសយដ្ឋាន​នៅ​ខេត្តបាត់ដំបង​

២- ស្ត្រី​រងគ្រោះ​ទី​២ កើត​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​១៩៩១ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម​

៣- ស្ត្រី​រងគ្រោះ​ទី​៣ កើត​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៩០ មាន​អាសយដ្ឋាន​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​បន្ទាប់ពី​អនុវត្ត​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ ស្ថានទូត​បានទទួល​ស្ត្រី​រងគ្រោះ​ទាំង ៣​នាក់​នៅ​ខេត្ត​កាវ​បាង ហើយ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ តាម​រថភ្លើង​ពី​ទីក្រុង​ហាណូយ នៅ​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០២១ និង​ទៅដល់​ទីក្រុង​ហូជីមិញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូជីមិញ នឹង​ជូន​ដំណើរ​បន្តទៅ​ព្រំដែន​អន្តរជាតិ​បាវិត ដើម្បី​ប្រគល់​ស្ត្រី​រងគ្រោះ​ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទារ​ខេត្តស្វាយរៀង ដើម្បី​មាន​វិធាន​ការបន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×