កូនស្រីរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ឈ្មោះ អ៊ីវាន់កា ត្រាំ (Ivanka Trump) បាននិយាយនៅថ្ងៃច័ន្ទនេះថា ដំណើរទស្សនៈកិច្ចលើកដំបូងមកកាន់កូរ៉េខាងត្បូងគឺអស្ចារ្យខ្លាំងណាស់ ហើយអ្នកស្រីសង្ឃឹមថានឹងបានមកលេងម្តងទៀតនាពេលអនាគត។
Ivanka Trump ដែលជាទីប្រឹក្សារបស់ប្រធានាធិបតី បានថ្លែងបែបនេះខណៈពេលអ្នកស្រីកំពុងរៀបចំឡើងយន្តហោះត្រឡប់មកអាមេរិចវិញ ក្រោយពេលបញ្ចប់ដំណើរទស្សនៈកិច្ចរយៈពេល៤ថ្ងៃ ដើម្បីមកចូលរួមបិទព្រឹត្តិការណ៏កីឡាអូឡាំពិច ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
អ្នកស្រីថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “វាគឺជាដំណើរទស្សនៈកិច្ចដ៏អស្ចារ្យ គួរឲ្យរំភើប និងស្រស់ស្អាត”។
ទោះយ៉ាងណាអ្នកស្រី មិនបានឆ្លើយតបទៅនឹងសំនួរដែលចោទសួរពីកូរ៉េខាងជើង ដែលកូរ៉េខាងជើង បាននិយាយថាខ្លួនមានឆន្ទៈក្នុងការចរចា។
ក្នុងដំណើរទស្សនៈកិច្ច អ្នកស្រីបានទទួលទានអាហារជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីន និងបានទៅជួបជាមួយនឹងអត្តពលិកអាមេរិច ដែលបានចូលរួមក្នុងកីឡាអូឡាំពិច។
ដំណើរទស្សនៈកិច្ចរបស់អ្នកស្រីមកកាន់កូរ៉េខាងត្បូង នាំឲ្យមានការព្យាករណ៏ពីការកើតឡើងនៃកិច្ចចរចារផ្ទាល់រវាង កូរ៉េខាងជើង និងអាមេរិច ខណៈប្រទេសទាំងពីរ សុទ្ធតែបានបញ្ជូនមន្រ្តីជាន់ខ្ពស់រៀងៗខ្លួនមកចូលរួមបិទព្រឹត្តិការណ៏អូឡាំពិច៕ សុភ័ក្ត្រ