Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ៖ ក្រុម​ជន​មួយចំនួន​ជ្រក​ក្រោម​ស្លាក​អ្នក​បរិស្ថាន និង​សកម្មជន​ព្រៃឈើ ដែល​ប្រើ​វិធីសាស្ត្រ​ស្មោគគ្រោក ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន និង​បម្រើឱ្យ​របៀបវារៈ​ទុច្ចរិត​

​ភ្នំពេញ​៖ ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ ភូមិសាស្ត្រ​ខេត្តក្រចេះ​។​

១-​ក្រុម​ជនល្មើស​ទាំង ៥ នាក់ រួមមាន ១. អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (​មិន​ចុះបញ្ជី​) ២. ហេង ស្រស់ ៣. ផៃ សុ​ផុន ហៅ ម៉ាន ម៉ាត់ ៤. តង ជាង ៥. ហេ រុន ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រូវបាន​អនុវត្តតាម​នីតិវិធី​ច្បាប់​ចំនួន ២ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ក្រោយ​ការសាកសួរ​និង​ការប្រមូល​ភស្តុតាង​៖ ទី​១) ក្រុម​ជនល្មើស​បាន​សារភាពថា​ពិតជា​បាន​លួច​ចូល​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ និង​បានធ្វើ​សកម្មភាព​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​បានធ្វើ​កិច្ចសន្យា​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន បញ្ឈប់​សកម្មភាព​ចូលក្នុង​តំបន់ការពារធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត​គ្រប់​រូបភាព​ដែលជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​ជាពិសេស​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។ ទី​២)​នៅវេលា​ម៉ោង ១២:២៥​នាទី​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​បាន​បញ្ជូន​សំណុំរឿង​និង​ប្រគល់​ជនល្មើស​ទាំង ៥ រូប​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ សូមបញ្ជាក់ថា លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​គូកន​បាន​លួច​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ក្រោម​ស្លាក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ដែល​អង្គការ​នេះ​មិនបាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ​ឡើយ​។​

២-​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ដែលមាន​តួនាទី​ភារកិច្ច​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ អនុវត្តតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​ដែល​ប្រព្រឹត្ត នៅក្នុង​តំបន់ការពារធម្មជាតិ មិន​ថា​ជន​ណា​ឡើយ ឱ្យតែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រកឃើញ និង​ប្រទះ​ឃើញថា​ប្រព្រឹត្ត​មិន​ស្របតាម​ច្បាប់ ត្រូវអនុវត្ត​តាមច្បាប់​ជា​ធរមាន​។ គួររំឭកថា​កាលពី​ខែមីនា​ឆ្នាំ​២០២០ ក្រុម​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​បានធ្វើ សកម្មភាព​ខុសច្បាប់​ម្តង​រួចមកហើយ និង​ត្រូវបាន​តុលាការ​តម្រូវឱ្យ​ផ្អាក​សកម្មភាព​រហូតដល់​លោក អ៊ូច ឡេង ប្រធាន​អង្គការ​នេះ​ទៅ​ចុះបញ្ជី​អង្គការ​ខ្លួន​នៅ​ក្រសួងមហាផ្ទៃ​ជាមុនសិន មុន​នឹងធ្វើ​សកម្មភាព​បន្តទៀត​។

៣-​ក្រុម​ជនល្មើស​មួយចំនួន​ជ្រក​ក្រោម​ស្លាក​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​តាមច្បាប់ ឬ​គ្មាន​ការអនុញ្ញាត​និង​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន បានធ្វើ​សកម្មភាព​ផ្សេងៗ​ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ដើម្បី​បង្កើតជា​របាយការណ៍ ផលិត​រូបភាព​ផ្សេងៗ​ជាពិសេស​បង្កើត​រូបភាព និង​របាយការណ៍​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ថវិកា និង​កៀរគរ​ស្វែងរក​ជំនួយ​ដើម្បី​ក្រុមបក្ខ​ពួកខ្លួន​។ ចម្លើយ​របស់​ក្រុម​ជនល្មើស​បានបញ្ជាក់​ថា​ខ្លួន​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់ការពារធម្មជាតិ​ដើម្បី​ថតរូប​ភាព​ស្វែងរក​ជំនួយ​គាំទ្រ​ផ្នែក​ថវិកា​ពី​ម្ចាស់ជំនួយ​នានា​។ នេះ​បានបង្ហាញ​យ៉ាងច្បាស់​នូវ​បំណង​ទុច្ចរិត​របស់​ក្រុម​ជន​មួយចំនួន​ដែល​ជ្រក​ក្រោម​ស្លាក​អ្នក​បរិស្ថាន​និង​សកម្មជន​ព្រៃឈើ​ដែល​ប្រើ​វិធីសាស្ត្រ​ស្មោគគ្រោក​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​និង​បម្រើឱ្យ​របៀបវារៈ​ទុច្ចរិត​។

៤-​ក្រសួងបរិស្ថាន​សូម​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​ម្ចាស់ជំនួយ​មួយចំនួន​សូម​ធ្វើការ​ផ្តល់ជំនួយ​គាំទ្រ​ចំពោះ​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ណា​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​និង​គោរព​ច្បាប់​ដើម្បី​លើកស្ទួយ​ការអនុវត្ត​ច្បាប់ និង​លើកទឹកចិត្ត​ចំពោះ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ និង​មិន​ចិញ្ចឹម​ចលនា​ខុសច្បាប់​ណាមួយ​ឡើយ​។

៥-​ក្រសួងបរិស្ថាន​ស្វាគមន៍​ជានិច្ច​ចំពោះ​ការចូលរួម​របស់​សមា​គម​និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ តែ​ត្រូវ​ចូល​តាម​ច្រក​ផ្លូវច្បាប់​ជា​ធរមាន ដោយ​មិនមែន​លួច​ធ្វើ​សកម្មភាព​ប្រាស់ចាក​ច្បាប់​ជា​ធរមាន​ឡើយ​។ ជន​ទាំងឡាយ​ដែល​ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន និង​តែងតែ​ប្រមាថ​ច្បាប់​ជាតិ គួរ​រៀន​គោរព​ច្បាប់​ព្រោះ​កម្ពុជា​ជា​នីតិរដ្ឋ និង​កុំ​ចាត់ទុក​ខ្លួន​ជា​ក្រុម​នៅក្រៅ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×