ភ្នំពេញ៖គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្តីស្រឡាញ់» ដែលនឹងនៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុនោះបានអំពាវនាវឲ្យកីឡាករ កីឡាការិនី ដែលមានបំណងចូលរួមប្រកួតប្រជែងប្រណាំងកង់ ឬជិះកង់កម្សាន្តនោះ សូមចុះឈ្មោះឲ្យបានច្រើន និងទាន់ពេលវេលា ខណៈពេលវេលាកាន់តែខិតចូលមកដល់ ទៅហើយនោះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថាគិតត្រឹម ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះអ្នកចុះឈ្មោះចូលរួមសម្រាប់ព្រឹត្តិការណ៍«ជិះកង់នៃក្តីស្រឡាញ់»បានជិត២០០នាក់។ឯកឧត្តមក៏បានអំពាវនាវឲ្យអ្នកចង់ចូលរួមជិះកង់នេះសូមចូលរួមចុះឈ្មោះឲ្យកាន់តែច្រើនបន្ថែមទៀតនិងឲ្យបានរួសរាន់ទាន់ពេលវេលាហើយគណៈកម្មការរៀបចំនឹងផ្តល់កន្លែងសម្រាប់ការបោះតង់ នៅឆ្នេរសមុទ្រអូឈើទាល។
សម្រាប់ទីតាំងចុះឈ្មោះមាន៣ទីតាំង គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទីតាំងទី២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ79C, ផ្លូវ 155, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ការទទួលចុះឈ្មោះនៅតែបន្តរហូតដល់ជិតដល់ថ្ងៃប្រកួតសូមមកចុះឈ្មោះឲ្យបានរួសរាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់គណៈកម្មការក្នុងការផ្តល់ស្លាកលេខប្រកួតជូនដល់អ្នកចុះឈ្មោះក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការរៀបចំផងដែរ។
ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយសហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាននូវវិញ្ញាសាចំនួន៣ គឺ១-វិញ្ញាសាសម្រាប់អ្នកជិះកង់អាជីពចម្ងាយ៤០គីឡូម៉ែត្រ ដែលការប្រណាំងចាប់ផ្ដើមចេញដំណើរពីឆ្នេរអូរឈើទាលឆ្ពោះទៅឆ្នេររាម បន្ទាប់មកត្រឡប់មកឆ្នេរអូរឈើទាលវិញ។ ២-ប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ចម្ងាយ២៥គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល ឆ្ពោះទៅអូរត្រេះ ហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ។ ៣-Family Couple Ride គឺការជិះកង់ជាក្រុមគ្រួសារ និងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
ចំពោះគោលបំណងចម្បងៗនៃព្រឹត្តិការណ៍ ជិះកង់នៃក្តីស្រឡាញ់នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា នេះជាព្រឹត្តិការណ៍មួយបន្តបញ្ជ្រាបការផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបថ ក្នុងស្រទាប់យុវវ័យ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។ ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ទទួលបន្ទុកកីឡាទេសចរណ៍ផងដែរនោះបានសង្កត់ធ្ងន់លើការចូលរួមស្វែងយល់ឲ្យយល់ដឹងពីអន្ថន័យខ្លឹមសារពិតនៃទិវានៃក្តីស្រឡាញ់ដោយសម្តៅទៅលើការគោរពស្រឡាញ់ចំពោះឪពុកម្តាយក្រុមគ្រួសារមិត្តភ័ក្ត្រមិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ។
ជាមួយគ្នានោះ «ជិះកង់នៃក្តីស្រឡាញ់» ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅបង្ហាញពីសក្ដានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុ។ តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិ
ស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។គណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រសម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យខ្ពស់។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងអញ្ជើញជាអធិបតី ហើយឯកឧត្តមបណ្ឌិតនឹងថ្លែងសន្ទរកថាខ្លី និងការបាញ់កាំភ្លើងចេញដំណើរលើវិញ្ញាសាប្រណាំងកង់ ៤០គីឡូម៉ែត្រ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងសន្ទរកថាខ្លី និងការបញ្ជាកាំភ្លើងចេញដំណើរលើវិញ្ញាសាប្រណាំងកង់លើវិញ្ញាសាកម្សាន្តលក្ខណៈគ្រួសារ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ