សៀមរាប ៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញរបាយការណ៍លម្អិតទាក់ទងនឹងករណីអ្នកកាសែតម្នាក់ និងប៉េអឹមម្នាក់ ផឹកស៊ីជាមួយគ្នា ហើយបានលេងពាក្យសម្តីឌឺដងដាក់គ្នា រហូតឈានទៅដល់កើតជម្លោះ វាយគ្នាទៅវិញទៅមកបែកមាត់អ្នកកាសែត ហើយប៉េអឹមទាញកាំភ្លើងបាញ់ប្រាវមួយគ្រាប់ ដើម្បីគំរាមគូទំនាស់របស់ខ្លួន។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណៈជន ឲ្យបានជ្រាបថា ៖ នៅវេលាម៉ោង ២១និង ០០នាទីយប់ ថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២១ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលពត៌មានថាមានករណី ហឹង្សាដោយចេតនា និងមានផ្ទុះអាវុធត្រង់ចំណុចក្នុងភោជនីយដ្ឋានមហាលាភ៩៩៩៩ ស្ថិតក្នុងភូមិតទ្រាំង សង្កាត់ស្លក្រាម ក្រុសៀមរាប ខេត្តសៀមរាប ពេលកំពុងចុះទៅដល់កន្លែងកើតហេតុ៖
បានស្រាវជ្រាវពត៌មានពីបុគ្គលិកបំរើការក្នុងហាង ករណីនេះមានឈ្មោះ តាំង ហូរ ភេទ ប្រុស មុខរបរ ជាអ្នកសារពត៌មាន រស់នៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងផឹកស៊ីជាមួយឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរជាមន្ត្រីកងរាជវុធហត្ថខេត្ត មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ក្នុងពេលនោះមានទំនាស់ពាក្យសម្តីគ្នាឈ្មោះ តាំង ហូរ បានយកកែវស្រាគប់ទៅលើឈ្មោះ អ៊ុក សុផល មួយកែវបណ្តាលអោយបែកក្បាល ហើយក៏មានការប្រតាយប្រតប់គ្នា ភ្លាមនោះដែរឈ្មោះ អ៊ុក សុផល បានចេញទៅយកកាំភ្លើង ខ្លីម៉ាក K54 ពីក្នុងរថយន្ត ហើយបានបាញ់ឡើងលើ ០១ គ្រាប់ ក្រោយពេលកើតហេតុឈ្មោះ អ៊ុក សុផល បានចេញពីកន្លែងកើតហេតុមុនកម្លាំងសមត្ថកិច្ចយើងទៅដល់កម្លាំងយើងបានជួបតែឈ្មោះ តាំង ហូរ ហើយបានអញ្ជើញឈ្មោះ តាំង ហូរ មកធ្វើការសួរនាំ និងបានសាកសួរអំពីដំណើររឿង ក្រោយការសាកសួរចប់សព្វគ្រប់រួច យើងអនុញ្ញាតិអោយគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ។
ព្រឹកឡើងក្រោយពីពិនិត្យលើអង្គហេតុ និងសាកសួរបុគ្គលិក ដែលប្រើប្រាស់អាវុធក្នុងការបាញ់បោះនោះ ជាមន្ត្រីបំរើការក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដោយបានចេញផុតពីកន្លែងកើតហេតុ និងមានការឯកភាពពីថ្នាក់ដឹកនាំនៃផែននគរបាលព្រហ្មទណ្ឌ សម្រេចបង្វិលសំណុំរឿងនេះ ជូនទៅកងរាជអាវុធហត្ថខេត្តជាអ្នកបន្តនីតិវិធី។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានអោយបានជ្រាបថា កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទី នៅភោជយនីដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាប ។ មានករណីបង្ករបួសស្នាម និងផ្ទុះអាវុធ ដែលបង្កឡើងរវាងអ្នកផឹកស៊ី ក្នុងនោះមានបុគ្គលិកកងរាជអាវុធហត្ថម្នាក់ ដែលជាជនរងគ្រោះរបួសក្បាល និងជាអ្នកប្រើអាវុធបង្កការភ្ញាក់ផ្អើលប៉ុន្តែមិនបង្កអោយមានការរងរបួសឬបះពាល់ដល់ជីវិតមនុស្ស សត្វ ខូចខាតសម្ភារៈនោះទេ ។
ក្រោយកើតហេតុកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់វិធានការឃាត់ខ្លួននាយអាវុធហត្ថបង្កសម្លេងផ្ទុះ នៅក្នុងបន្ទាយ និងដកហូតអាវុធមករក្សាទុក ព្រមទាំងបើកធ្វើការស៊ើបអង្កេត ចំពោះករណីហិង្សាដោយចេតនា ក្នុងរឿងហេតុខាងលើទៅតាមនីតិវិធី និងអនុវត្តវិន័យកងទ័ពចំពោះបុគ្គលិកកងរាជអាវុធហត្ថ។ ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ការបង្កការភ័យខ្លាចទាំងអស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ