ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្តីពីការបញ្ជាក់បន្ថែម លើការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលត្រីចំនួន៤ប្រភេទ គឺត្រី ប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេសមកកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្ត រវាងសមាគមវារីវប្បករនៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេស។ ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖
១. ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
២. ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករ នាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។
៣. តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែង របស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ