ក្រចេះ ៖ អង្គការអាដហុក បានឲ្យដឹងថា នៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីធ្វើកិច្ចសន្យារួច សកម្មជនការពារព្រៃឈើ ៥រូប ត្រូវសាលាដំបូងខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពវិញ។
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១២: ៤០ នាទី សកម្មជនការពារព្រៃឈើចំនួន ៥ រូប មានលោក អ៊ួច ឡេង លោក ហេង ស្រស់ លោក ម៉ាន ម៉ាត់ លោក ហេង រ៉ុន និងលោក តង ជាង និងសហគមន៍ចំនួន ៥ នាក់ទៀត ត្រូវបានមន្ត្រីអភិរក្សបរិស្ថាន ធ្វើការឃាត់ខ្លួននៅចំណុចអូស៊ែវ ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ មូលហេតុនៃការឃាត់ខ្លួននេះ យើងទទួលព័ត៌មានពីពលរដ្ឋសហគមន៍ថា ដោយសារតែក្រុមសកម្មជនការពារព្រៃឈើទាំងនេះ បានចូលទៅធ្វើសកម្មភាពដាក់ស្លាកជាពាក្យស្លោកលើដើមឈើ ក្នុងន័យឱ្យមានការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមក្នុងការការពារព្រៃឈើជាសម្បត្តិដូនតាយើង ។ បន្ទាប់ពីមានការឃាត់ខ្លួនភ្លាមនោះ មន្ត្រីជំនាញក៏បានឱ្យសកម្មជនការពារព្រៃឈើ ដែលជាសហគមន៍ចំនួន ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ដើរតាមក្រុមសកម្មជនការពារព្រៃឈើមកពីខាងក្រៅមូលដ្ឋានរបស់ខ្លួនផងដែរ ។ ចំណែកឯ សកម្មជនចំនួន ៥ នាក់ទៀត ត្រូវបានមន្ត្រីជំនាញធ្វើការបញ្ជូនពួកគាត់មកមន្ទីរបរិស្ថានខេត្ត ដើម្បីធ្វើការសាកសួរនៃដំណើររឿងនេះ កាលពីវេលាម៉ោងវេលាម៉ោង ៣ រសៀល រហូតដល់ម៉ោងជាង៥ល្ងាច សកម្មជនទាំង ៥ នាក់ ត្រូវបានបញ្ជូនមកឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ។ លុះនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក ត្រូវបានមន្ត្រីបរិស្ថាននាំពួកគាត់ទៅធ្វើការសាកសួរនៅមន្ទីរបរិស្ថាន ហើយការសាកសួរនេះត្រូវបានបន្តរហូតរហូតដល់វេលាម៉ោង ៥:២៥ នាទី ល្ងាចទើបត្រូវបានបញ្ចប់ការសាកសួរពួកគាត់ ហើយបញ្ជូនខ្លួនទៅអធិការដ្ឋានបន្តទៀត ។ ក្នុងនោះដែរ យើងក៏ឃើញមានការឃ្លាំមើលពីសំណាក់អង្គការសង្គមស៊ីវិល សារព័ត៌មាន និងក្រុមបណ្តាញសកម្មជនយុវជនស្រលាញ់បរិស្ថានផងដែរ និងមានមេធាវីការពារក្តីជូនសកម្មជនទាំង៥រូប ពីខាងអង្គការសង្គមស៊ីវិលផងដែរ ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២:២៥ នាទី នេះ សកម្មជនការពារព្រៃឈើទាំង៥រូប ត្រូវបានមន្ត្រីបរិស្ថាន បញ្ជូនមកសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី បន្ទាប់ពីឃាត់ខ្លួនគ្រប់៤៨ម៉ោង ។
សូមបញ្ជាក់ថា ក្នុងរយៈពេលមិនដល់១ឆ្នាំផង លោក អ៊ូច ឡេង និងលោក ម៉ាន ម៉ាត់ ជាសកម្មជនការពារព្រៃឈើ ត្រូវបានឃាត់ខ្លួនជាលើកទី២ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជាមួយសកម្មជន២រូបទៀតគឺលោក ឃេម សុឃី និងលោក ស្រី ថី សកម្មជនការពារព្រៃឡង់ ខេត្តព្រះវិហារ ដែលត្រូវបានសន្តិសុខក្រុមហ៊ុនស៊ីងបាយអូថេកឃាត់ខ្លួននៅគ្រាដែលសកម្មជនការពារព្រៃឈើទាំងនោះ ចុះស៊ើបអង្កេតលើការអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់ រួចបញ្ជួនទៅកាន់តុលាការនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។ បន្ទាប់ពីការឃាត់ខ្លួន សកម្មជនព្រៃឈើទាំងនោះ ត្រូវបានដោះលែងវិញ ដោយធ្វើកិច្ចសន្យា តម្រូវឱ្យលោក អ៊ូច ឡេង ទៅចុះបញ្ជីអង្គការនៅក្រសួងជាមុនសិន មុននឹងធ្វើសកម្មភាពបន្តទៀត ខណៈក្រុមអ្នកស្រឡាញ់បរិស្ថាន រួមទាំងព្រះសង្ឃ នាំគ្នាធ្វើយុទ្ធនាការ កាន់បដា នៅមុខសាលាដំបូងខេត្តក្រចេះ ដើម្បីទាមទារឱ្យដោះលែងអ្នកទាំងនោះដោយឥតលក្ខខណ្ឌ។
នៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីធ្វើកិច្ចសន្យារួច សកម្មជនការពារព្រៃឈើ ៥រូប ត្រូវសាលាដំបូងខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ