ភ្នំពេញៈ បុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិ ឥណ្ឌា និងនេប៉ាល់ ដែលជួបការខ្វះខាត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅកុដ្ឋលេខ៣៥ វត្តបទុមវតី រាជធានីភ្នំពេញ។ ហើយអង្គកឋិននិងដង្ហែតាមគណៈធម្មយាត្រាចេញដំណើរទៅឥណ្ឌា និងនេប៉ាល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដឹកនាំដោយព្រះមហា ពឿយ មេត្តា និងព្រះមហា តែម ម៉ាច។
ព្រះមហា តែម ម៉ាច ព្រះប្រធានដឹកនាំគណៈធម្មយាត្រាទៅកាន់ប្រទេសឥណ្ឌា និងនេប៉ាល់ បានមានសង្ឃដីកានៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២១ ខែតុលា ថា ក្នុងនាមព្រះអង្គតំណាងឲ្យព្រះទេវសត្ថា ពឿយ មេត្តា ព្រះចៅអធិការខ្មែរទាំង៨ នៅឥណ្ឌា និងនេប៉ាល់ បានរៀបចំកម្មវិធីកឋិនទានមហាសាមគ្គី ដែលនឹងដង្ហែទៅកាន់វត្តខ្មែរទាំង៨ នៅប្រទេសឥណ្ឌា និងនេប៉ាល់ ពីព្រោះថា នៅទីនោះព្រះភិក្ខុសង្ឃគង់ចាំព្រះវង្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តខ្មែរទាំង៨ គឺមានចំនួន៧១អង្គ និងមានការខ្វះខាតនៅត្រៃយ៍ ចីវរ…។ ហើយដោយសារឃើញព្រះភិក្ខុសង្ឃនៅទីនោះមានកង្វះខាត ដូច្នេះព្រះអង្គនឹងរៀបចំនៅពិធីអង្គកឋិនទានទៅកាន់វត្តខ្មែរទាំង៨ គឺរៀបចំប្រារព្ធនៅក្នុងវត្តបទុមវតី កុដ្ឋិលេខ៣៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ ដូច្នេះសូមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមឲ្យបានច្រើនកុះករ ហើយពឹងផ្អែកទៅលើពុទ្ធបរិស័ទទាំងអស់ ដើម្បីជួយដល់ព្រះភិក្ខុសង្ឃចំនួន៧១អង្គ។
ព្រះមហា តែម ម៉ាច បានមានដីកាបន្តថា បន្ទាប់ពីប្រារព្ធកម្មវិធីកឋិនទាននៅថ្ងៃទី២៨ ខែតុលា ហើយ គឺនៅថ្ងៃទី៣១ ខែតុលា នឹងហែរកឋិនទានទៅតាមព្រលានយន្តហោះពីភ្នំពេញ ទៅបាងកក ពីបាងកកទៅកាកាតា ឆ្ពោះទៅកន្លែងព្រះអង្គត្រាស់ដឹង ហើយនឹងវេរប្រគេនដល់ព្រះភក្ខុសង្ឃនៅទីនោះ ដែលមានភាពកំសត់មិនដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។
សូមជម្រាបថា វត្តទាំង៨ នៅដែនដីពុទ្ធភូមិ ឥណ្ឌា និងនេប៉ាល់ មានដូចជាៈ ១.វត្តខ្មែរលុម្ពិនី (កន្លែងព្រះពុទ្ធទ្រង់ប្រសូត) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៥អង្គ។ ២.វត្តខ្មែរពុទ្ធគយា (កន្លែងព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹង) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៣៨អង្គ។ ៣.វត្តខ្មែរសារនាថ ក្រុងពារាណសី (កន្លែងព្រះពុទ្ធអង្គទ្រង់សម្តែងធម្មចក្ក) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៥អង្គ។ ៤.វត្តខ្មែរឧរុវេលនិគម (កន្លែងព្រះពុទ្ធអង្គទ្រង់សម្តែងបាដិហារ្យចំនួន៣៥០០បាដិហារ្យ និងសម្តែងអាទិត្តបរិយាយសូត្រ) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៥អង្គ។ ៥.វត្តខ្មែរសុវណ្ណភូមិក្រុងរាជគ្រឹះ (កន្លែងព្រះពុទ្ធអង្គទ្រង់សម្តែងឱវាទបដិមោក្ខ និងអានាបដិមោក្ខ) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៤អង្គ។ ៦.វត្តខ្មែរវេសាលី (កន្លែងព្រះពុទ្ធអង្គទ្រង់សម្តែងរតនៈសូត្រ) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៥អង្គ។ ៧.វត្តខ្មែរសាវត្ថី (កន្លែងព្រះពុទ្ធអង្គទ្រង់គង់នៅអស់រយៈពេលដ៏យូរ ២៥វង្សា) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៤អង្គ។ ៨.វត្តខ្មែរកុសិនារា (កន្លែងព្រះពុទ្ធអង្គទ្រង់យាងចូលបរិនិពាន្វ) មានព្រះសង្ឃគង់ចាំព្រះវង្សាចំនួន៦អង្គ៕ ដោយៈ មុនីរាជ