ភ្នំពេញ៖ លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងនៅថ្ងៃទី៩កុម្ភៈនេះថា លោកសាស្ត្រាចារ្យ វិទីត ម៉ុនតារបន ដែលត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត ដែលបានបញ្ចប់អណត្តិរបស់អ្នកស្រីអស់ពីអណត្តិកន្លងមក។
លោក សាស្ត្រាចារ្យ ត្រូវបានគេស្គាល់ក្នុងវិស័យការងារសិទ្ធិមនុស្សនិងនីតិរដ្ឋ លោកបានប្រឡូកក្នុងការអប់រំ និងតស៊ូមតិជាច្រើនផងដែរ។ លោកត្រូវបានតែងតាំងជាអ្នកជំនាញការឯករាជ្យរបស់អង្គការសហប្រជាជាតិដំបូងគេបង្អស់ ទទួលបន្ទុកលើកិច្ចការហឹង្សា និងការរើសអើងដោយសារនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ហើយក៏ជាសហប្រធានក្នុងការតាក់តែងគោលការណ៍យ៉កយ៉ាក៌ាតា ដែលចែងពីគោលការណ៍និងវិធានលើកកម្ពស់និងការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ លោកបានទទួលជ័យលាភីផ្នែកការអប់រំពីអង្គការយូណេស្កូ ក្នុងឆ្នាំ២០១៤ ផងដែរ។
លោកស្រី ចក់ សុភាព បានបញ្ជាក់ថា ” ខ្ញុំសង្ឃឹមថា តាមរយៈបទពិសោធន៍ ការចូលរួមយ៉ាងសកម្មរបស់លោកសាស្ត្រាចារ្យ កន្លងមក (គួរកត់សម្គាល់ថាលោកធ្លាប់ចូលរួមក្នុងសន្និសីទនិងបេសកកម្មមួយចំនួនកន្លងមក ដែលម.ស.ម.ក ក៏បានរៀបចំឬទទួលទស្សនកិច្ចរបស់លោក និងក្រុមការងារ ពាក់ព័ន្ធនឹងកិច្ចការសិទ្ធិមនុស្ស និងនីតិរដ្ឋផងដែរ) និងការយល់ពីបរិបទសិទ្ធិមនុស្សក្នុងតំបន់ លោកសាស្ត្រាចារ្យនឹងអាចបំពេញអណត្តិរបស់លោកក្នុងការរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនិងធ្វើការជាមួយភាគីពាក់ព័ន្ធជាពិសេសធានានូវធាតុចូលពីសហគមន៍ដែលសំឡេងមិនសូវបានយកចិត្តទុកដាក់ ដើម្បីស្តារនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា”៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ