ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ J NI Cosmetic ដែលបានបង្ហោះវីដេអូសិចស៊ីលក់ថ្នាំពង្រីកដើមទ្រូង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់សង្គមខ្មែរ បានចូលខ្លួនធ្វើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
បើតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ ម៉ឹង ស្រីនួន ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពស៊ិចស៊ីជ្រុល និងប្រើប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោស ជាសាធារណៈនិងធ្វើកិច្ចសន្យា ។
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល ដោយបានបង្ហាញភាពស៊ិចស៊ីជ្រុល ប្រើប្រាស់កាយវិការ និងសំដីអសីលធម៌ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅថ្ងៃអង្គារ៍ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុ ។ ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វើ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា និងពាក្យសម្តីមិនសមរម្យទៀតហើយ ។ ជាចុងបញ្ចប់ស្ត្រីឈ្មោះ ម៉ឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់ ដែលគាត់បានឡាយបង្ហាញភាពស៊ិចស៊ីជ្រុលបង្ហាញកាយវិការ និងប្រើប្រាស់សម្តីអសីលធម៌ ដែលជាទង្វើអាក្រក់ និងសង្គមស្អប់ខ្ពើម ។ បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង ១៧និង៣០នាទី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ