Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សុខ ចិន្តា​សោភា អត្ថាធិប្បាយ​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ខណៈ​ឆ្នាំ​២០២០ CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨,២​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ សម្រាប់ ឆ្នាំ​២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨,២​ពាន់​លាន​ដុល្លារ អាមេរិក ថយចុះ​ប្រមាណ ១២ % ធៀប​នឹង​ឆ្នាំ​២០១៩​។​

​នា​ថ្ងៃ​អង្គារ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ស្តីពី “​កាលានុវត្តភាព​វិនិយោគ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​” ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចក្រភព​អង់គ្លេស​-​អាស៊ាន (UK-ASEAN Business Council) តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម កាន់ ផា​រិ​ទ្ធ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ចក្រភព អង់គ្លេស​, លោកជំទាវ Tina Redslaw. ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកជំទាវ Heather Wheeler តំណាងរាស្ត្រ​និង​ជា​បេសកជន​របស់​នាយករ​ដ្ឋ​មន្ត្រី​អង់គ្លេស​ទទួលបន្ទុក ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម​, លោកជំទាវ Baroness Neville-Rolfe ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច ចក្រភព​អង់គ្លេស -​អាស៊ាន និង​តំណាង វិស័យ​ឯកជន​ប្រមាណ ១៥០ រូប​។

​គោលដៅ​ចម្បង​នៃ​សិក្ខាសាលា​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា និង​ផ្តោះ​ប្តូរ​យោបល់​លើ​ប្រធានបទ​មួយចំនួន​ដូចជា ទស្សនវិស័យ​នៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង ឆ្នាំ​២០២១ និង​នៅក្រោយ​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ និង​បច្ចុប្បន្នភាព​នៃ​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​កា​រវិ​និ​យោត​នៅ​កម្ពុជា​។​

​ឯកឧត្តម សុខ ចិន្តា​សោភា បាន​អត្ថាធិប្បាយ​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​បាន​ជម្រាប​អង្គសិក្ខាសាលា​អំពី​ការរៀបចំ​តាក់តែង​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ សំដៅ​បង្កើន​ការទាក់ទាញ​វិនិយោគ​សម្រាប់​ជា​មូលដ្ឋាន​ដល់​វិនិយោគិន ធុរជន​សម្រេចចិត្ត​បោះទុន​វិនិយោគ​និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។
​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់ ឆ្នាំ​២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា “ ក .​អ​. ក​” តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា “​គ . វ​. ក​” និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា “ គ​. ស​. ព ” បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៣៨​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨,២​ពាន់​លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ១២ % ធៀប​នឹង​ឆ្នាំ​២០១៩​។ ជារួម ការថយចុះ​នេះ​ស្ថិតនៅក្នុង​កម្រិត​មួយ​ល្អប្រសើរ​នៅឡើយ បើ​ធៀប​នឹង​ការ​ព្យាករ​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​(UNCTAD) ដែល​បាន​ព្យាករ​ថា​រំហូរ​វិនិយោគ​ផ្ទាល់ ពី​បរទេស​នៅក្នុង​ពិភពលោក​ត្រូវ​ថយចុះ​ប្រមាណ ៤២ % នៅក្នុង​ឆ្នាំ​២០២០​។ ដោយឡែក សម្រាប់​ខែមករា​ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២០​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ៦២១​លាន​ដុល្លារ​អាមេរិក ពោលគឺ មានការ​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​គម្រោង​វិនិយោគ​មាន​ចំនួន ១៧​គម្រោង និង​ទុនវិនិយោគ​ប្រមាណ ៩៣​លាន​ដុល្លារ​អាមេរិក​។ លទ្ធផល​នេះ ជា​ផ្លែផ្កា​ដែល​កើតចេញពី​ការអនុវត្ត​វិធាន ការ​យ៉ាង​ម៉ឺង​មាត់​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សំដៅ​កែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មួយកម្រិត​ថែមទៀត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×