ភ្នំពេញ ៖ យោងតាមលោកនាយកមន្ទីរពេទ្យកុមារជាតិ បានប្រាប់សារព័ត៌ក្នុងស្រុកមួយថា សាធារណរដ្ឋឆែកបានផ្តល់សម្ភារបណ្តុះបណ្តាល និងឧបករណ៍វេជ្ជសាស្ត្រប្រមាណជាង៩០គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់តែប្រសើរឡើង។
ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ សួង សុខាភិបាល និងលោក ស្តេផាន វួចណារ ភារៈធារីស្តីទី នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅ ភ្នំពេញ។
នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានឲ្យដឹងថា ឧបករណ៍គំរូ សម្រាប់ ការបណ្តុះបណ្តាលផ្នែកថែទាំសុខភាពទារកទើបនឹងកើត រួមទាំងឧបករណ៍ វេជ្ជសាស្ត្រផ្សេងៗ ទៀត សរុបជាង ៩០គ្រឿង ដែលមានតម្លៃជាង ២០០,០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានរៀបចំសម្រាប់ មន្ទីរពេទ្យប្រើប្រាស់ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទ្វេភាគី និងឧបករណ៍ក្នុង កម្មវិធីជំនួយ មនុស្សធម៌ សម្រាប់ការពារជំងឺកូវីដ-១៩។
លោក នាយកមន្ទីរពេទ្យកុមារជាតិ បានបន្តថាឧបករណ៍ដែលបានផ្តល់នេះអាចជួយមន្ទីរពេទ្យក្នុងការធ្វើពិពិធកម្ម និងពង្រីក ការថែទាំទារកទើបនឹងកើតទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានារបស់ប្រទេសកម្ពុជា ដោយសារការពង្រឹងសមត្ថភាពរបស់បុគ្គលិកពេទ្យសំខាន់ៗនៅមន្ទីរពេទ្យ និងការផ្លាស់ប្តូរបទពិសោធការអនុវត្តល្អៗពីពេទ្យឯកទេសជនជាតិឆែក។
ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉មប៊ុនហេង ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរពេទ្យកុមារជាតិ ត្រូវយកឧបករណ៍ទាំងនេះទៅប្រើប្រាស់និងបែងចែកទៅតាមមន្ទីរពេទ្យ បណ្តាខេត្តផ្សេងៗទៀតដើម្បីយកទៅជួយសង្គ្រោះដល់កុមារ សំដៅកាត់បន្ថយអត្រាស្លាប់របស់កុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែថយចុះ៕ រក្សាសិទ្ធិដោយ៖CEN