Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទីពីរ នៃព្រះរាជពិធី បុណ្យអុំទូក ប្រជាពលរដ្ឋនិងអ្នកទេសចរ អញ្ជើញចូលលេងកម្សាន្ត ២លាន២សែននាក់

ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាយប់ថ្ងៃទី១៥វិច្ឆិកានេះថា នាថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤នេះ មានបងប្អូន ប្រជាពលរដ្ឋ និង អ្នកទេសចរបរទេស អញ្ជើញ ចូលលេងកម្សាន្ត ប្រកបដោយភាពរីករាយ ក្រោមម្លប់សន្តិភាពសរុបប្រមាណជាង ២លាន ២សែននាក់ កើនឡើងលើសថ្ងៃទីមួយ ចំនួន២ដង ។

លោកស្រីបន្តថា៖ដោយឡែក ចំពោះសន្តិសុខសណ្តាប់ ធ្នាប់និងរបៀបរៀបរយសាធារណៈ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ស្ថានភាពល្អក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និង កងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ ប៉ុន្តែគ្រាន់ តែមានករណីវង្វេងបាត់កូនចៅមួយចំនួនតូច តែត្រូវបានក្រុមការងារតាមគោលដៅប្រើប្រាស់ មធ្យោបាយទាក់ទង និងប្រព័ន្ធផ្សព្វផ្សាយស្វែងរកឪពុកម្តាយ ឬឃើញវិញ និងបានប្រគល់ជូនវិញរួចហើយដែរ។

គួររំលឹកថា កាលពីថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនា កម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃ សន្តិភាព ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ផងដែរ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×