ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២៣និង១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភាគីជនរងគ្រោះ និងភាគីបង្កអំពើហិង្សា មិនបានឈានដល់ចំណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡើយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បន្ទាប់ពីទទួលបានព័ត៌មានពីការផុសរបស់គណនី Facebook ឈ្មោះថា Bee Yinna មានខ្លឹមសារថា “ ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវាយខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិង្សានេះកើតឡើងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ “។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះ ដល់កន្លែងកើតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វើការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដើម្បីស្វែងរកជនបង្ក រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ជាមិត្តភក្តិ ។
ជនបង្កឈ្មោះ ជាតិ ចំរុង បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បន្ទាប់ពីមានការជួបចរចាគ្នាអស់ពេលជាច្រើនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពើហិង្សា មិនបានឈានដល់ចំណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡើយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ