ភ្នំពេញ ៖ ក្រុមអាជី និងអាម៉ី លក់ឡេ ដែលថតសម្តែងរឿង «ទុំទាវ 2021» ដែលធ្វើឲ្យប៉ះពាល់ដល់សាសនា និងតម្លៃវប្បធម៌ជាតិយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យមហាជនថ្កោលទោសទយ៉ាងខ្លាំង នៅទីបំផុត ពេលនេះបានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។
តែទោះយ៉ាងណា ជាលទ្ធផលក្រោយការចូលបំភ្លឺ ក្រុម Ah Gi និងរួមទាំងតួសម្តែងរឿងទុំទាវ ២០២១ ពុំត្រូវបានទទួលបទចោទប្រកាន់ពីបទអ្វីនោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមនេះបានធ្វើកិច្ចសន្យាចំនួន ៨ ចំណុច និងចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។
នៅក្នុងចំណោមចំណុចទាំង ៨ នោះ ផងដែរ គឺមាន៣ចំណុចគួរឲ្យកត់សម្គាល់ ដោយក្នុងនោះចំណុចទី២ នៃកិច្ចសន្យា ក្រុមសម្តែងរឿងទុំទាវ ២០២១ បានសន្យាមិនបង្ហាញភាពសិចស៊ី បែបអានាចារ នៅតាមបណ្តាញសង្គមតទៅទៀតហើយ ។ ចំណុចទី៤ គឺយល់ព្រមប្រគល់ Page account របស់ខ្លួនឈ្មោះ Hokima និងព្រមទាំង Account Tik Tok ឈ្មោះ Ah Gi Leader261 ដែលជាកម្មសិទ្ធិផ្ទល់ខ្លួនពួកគេ ឲ្យទៅក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងលុបចោលទាំងស្រុង និងចំណុចទី៥ ព្រមទាំងសន្យាមិនទាញយករាល់ទិន្នន័យទាំងអស់មករក្សាទុក ឬ ប្រើប្រាស់ឡើយ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញ ម្ចាស់ Page Hokima និង អ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលទៅកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅបន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៅវេលាម៉ោង ៩.០០ នាទីព្រឹក ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១។
តែទោះយ៉ាងណា ការចូលខ្លួនទៅប្រឈមមុខនឹងបញ្ហាផ្ទុះកក្រើកពេញផ្ទៃប្រទេសនេះ ជាលទ្ធផលយ៉ាងណាយ៉ាងណី គេនៅមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេ ខណៈមហាជនដែលកំពុងទន្ទឹងរង់ចាំ បានលើកឡើងថា បើប្រមាថសាសនាប៉ុណ្ណឹងហើយ គ្រាន់តែសុំទោសរួចខ្លួនចាំមើលមិនខ្វះអ្នកធ្វើតាមទេ ព្រោះថា ពួកហ្នឹង (ក្រុមអាជី និងអាម៉ី) ប្រាកដណាស់បានដឹងច្បាស់ថា ថតទៅប៉ះពាល់ដល់សាសនា តែពួកគេនៅតែថត មនុស្សដឹងថាខុសហើយនៅតែប្រព្រឹត្ត មិនអាចលើកលែងអោយបានទេ យកទៅអប់រំចេញបានរៀងថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង