Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ប្រជុំ​ផ្សព្វផ្សាយ​ដល់​នាយទាហាន ស្តីពី​ការត្រៀម​លក្ខណៈ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​នាយទាហាន អំពី​ការត្រៀម​លក្ខណៈ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។ កិច្ចប្រជុំ​ផ្សព្វផ្សាយ បាន​ប្រព្រឹត្តិ​ទៅ​នៅ​អគ្គបញ្ជាការដ្ឋាន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា​អគ្គ​មេបញ្ជាការរង មេបញ្ជាការ​ប្រភេទ​ទ័ព​ជំនាញ នាយក នាយករង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ជាច្រើនរូប​ទៀត​។

​នៅក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​មោទនភាព​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​មេរោគ​ឆ្លង​កូ​វីដ​១៩ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដែលជា​ក្តីកង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បន្តថា តាមរយៈ​ក្រសួងការពារជាតិ​ចិន និង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិត្ត​ចិន​សម្រេច​ផ្តល់​បាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ចំនួន​មួយ​លាន​ដូ​ស​ដល់​កម្ពុជា ដែរ​ជា​ជំនួយ​សប្បុរសធម៌ ដោយ​ជំហាន​ដំបូង​មិត្ត​ចិន​ផ្តល់​មក​ឲ្យ​មុន​ចំនួន ៦០​ម៉ឺន​ដូ​ស ក្នុងនោះ​កងទ័ព​ទទួលបាន ៣០ ម៉ឺន​ដូ​ស​។ នាយ​ឧត្ដមសេនីយ៍ បញ្ជាក់ថា ការទទួលបាន​វ៉ាក់សាំង​នៅពេលនេះ គឺ​កើតចេញពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា ជាមួយ​មិត្ត​ចិន​នា​រយៈពេល​កន្លងមក​។

​បើតាម​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បច្ចុប្បន្ននេះ ចំនួន​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ផលិត​ចេញ​នៅលើ​ពិភពលោក មាន​ចំនួន​តិចជាង​តម្រូវការ ដូច្នេះ​មាន​ប្រទេស​ជាច្រើន​ដែលមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ប៉ុន្តែ​ពុំមាន​វ៉ាក់សាំង​ដើម្បីឱ្យ​ពួកគេ​ទិញ​ឡើយ​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ មេបញ្ជាការរង គ្រប់​កងឯកភាព ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ជាបន្ទាន់​ដល់​នាយទាហាន នាយទាហាន និង​ពលទាហាន​ក្រោម​ឱវាទ ឲ្យ​យល់ដឹង​ច្បាស់​ពី​សារៈសំខាន់ នៃ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ និង​ត្រូវ​ត្រៀមលក្ខណៈ​ទទួល​ចាក់​វ៉ាក់សាំង​តាម​ការស្ម័គ្រចិត្ត ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ជំនាញ​សុខាភិបាល ដើម្បី​ការពារ​សុខភាព​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×