ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និងតម្លៃវប្បធម៌ជាតិ យ៉ាងធ្ងន់ធ្ងរ បានចូលខ្លួនទៅប្រឈមមុខដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
តែទោះយ៉ាងណា ក្រោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដុសក្អែលក្រុមអាជី អាម៉ី អស់រយៈពេលពេញមួយព្រឹកធំ នៅទីបំផុត ក្រសួងបានត្រឹមសម្រេចឲ្យក្រុមនេះផ្តិតមេដៃ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ បញ្ឈប់នូវការស្លៀកពាក់សិចស៊ីបែបអានាចារនៅតាមបណ្តាញសង្គម និងប្រគល់ផេកទាំងអស់របស់ខ្លួនឲ្យក្រសួងគ្រប់គ្រងលុបចោល មិនទាញយករាល់ទិន្នន័យទាំងអស់មកទុករក្សាប្រើប្រាស់ និងចំណុចជាច្រើនទៀតប៉ុណ្ណោះ។
ដូចដែលប៉ាន់ស្មានមិនខុសមែន ក្រោយឮសេចក្តីសម្រេចរបស់ក្រសួង ឲ្យក្រុមអាជី និងអាម៉ី រួចខ្លួន តាមរយៈការគ្រាន់តែធ្វើកិច្ចសន្យា និងចេញវីដេអូសុំទោសបែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់ និងមិនពេញចិត្តទាល់តែសោះ ដែលគ្រាន់តែឲ្យសុំទោសហើយរួចខ្លួន។
ក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា ក៏បានបញ្ចេញប្រតិកម្មបែបនេះថា៖ «អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដទៃផ្សេងទៀតគឺVideo បន្ទាបបន្ថោក បានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើងនិងសាសនាព្រះពុទ្ធក៏បានមើលងាយលើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនា ព្រះពុទ្ធបានវិញដែរទេ? ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅ ផងដែរ។ ម្យ៉ាងវិញទៀត លុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និងរឿងផ្សេងៗទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។»
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១» មានដូចខាងក្រោម៖
១. មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមាន
ផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។
២. មិនបង្ហាញភាពស៊ីចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម
៣. ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។
៤. យល់ព្រមប្រគល់ Page account ឈ្មោះHokima និងAccount Tik Tok ឈ្មោះ Gi Leader261ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ ខ្ញុំបាទ/នាងខ្ញុំ ឱ្យក្រុមការងារ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់គ្រង និងលុបចោលទាំងស្រុង។
៥. សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះHokima និង Account Tiktok ឈ្មោះ Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។
៦. សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង Page account ដែលខ្ញុំបាទ/នាងខ្ញុំ បានជួលពីមិត្ត ជូនដល់សមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page accountទាំងអស់។
៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន
៨. ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាពសិចស៊ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ជាបន្តទៀត ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង