ប្រិយមិត្ត និងមហាជននៅក្នុងបណ្តាញសង្គម ប្រាកដណាស់បានជ្រាបរួចហើយ ជុំវិញរឿងរ៉ាវក្រុមអ្នកលក់ឡេសាច់សខ្ចី អាជី និងអាម៉ី បានចូលខ្លួនទៅប្រឈមមុខជាមួយមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយជាលទ្ធផល គឺពួកគេពុំទទួលរងទណ្ឌអ្វីណាមួយនោះទេ ដោយគ្រាន់តែចេញមុខនិយាយសុំទោសជាសាធារណៈ និងផ្តិតមេដៃធ្វើកិច្ចសន្យាឈប់ស្លៀកសិចស៊ីបែបអនាចារតទៀត។
តែទោះយ៉ាងណា ចំណាត់ការរបស់ក្រសួងធ្វើឡើងបែបនេះ គឺបានធ្វើឲ្យមហាជនជាច្រើន មានការពុំពេញចិត្តសោះឡើយ ព្រោះថាទង្វើដែលពួកនាងបានប្រព្រឹត្តយកសាសនាមកលេងសើច ខុសធ្ងន់ធ្ងរ ត្រូវប្រពលរដ្ឋខ្មែរថ្កោលទោសស្ទើរពេញមួយប្រទេស ហើយវាក៏មិនខុសពីករណីចំប៉ីខ្មៅ ដែលទីបំផុតត្រូវជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ តែបែរជាក្រសួងចេញដំណោះស្រាយឲ្យពួកគេរួចខ្លួនទៅវិញ។
ក្រោយពីបានឃើញបែបនេះ ស្រាប់តែលោក ហេង យិន (ហៅចំប៉ីខ្មៅ) បានសម្តែងការតូចចិត្តជាខ្លាំង ដោយបានសរសេររៀបរាប់យ៉ាងវែងអន្លាយថា៖ «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។ ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុគ អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់ Free មានគេឱ្យដេកជាមួយ Free តែខ្ញុំរស់នៅក្នងុគុកដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល ២ ឆ្នាំ ៦ ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ ខែ០២ ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា? មិនដឹងថាមនុស្សប៉ុន្មាននាក់នឹងអាចមកវ៉ៃខ្ញុំម្ដងទៀត? តើខ្ញុំត្រូវរស់នៅក្នុងសភាពបែបនោះដល់ពេលណា? បើមានតែសេរីភាពផ្លូវកាយតែគ្មានសេរីភាពក្នុងចិត្ត។ ពេល ខ្ញុំខុស ខ្ញុំក៏ទទួលទោស ខ្ញុំក៏សុំទោសហើយ ក៏អនុវត្តទោសចប់ ម្រាមដៃទាំងដប់ក៏បានផ្តិតហើយ។
ខ្ញុំសុំរំលឹកដល់បងប្អូនបន្តិចថា ខ្ញុំខុស ខ្ញុំធ្វើការសុំទោស ខ្ញុំសុំអភ័យទោស តែមិនដល់រយៈពេល២៤ម៉ោងផងខ្ញុំក៏ត្រូវបានបញ្ចាឱ្យចាប់ខ្លួនដោយគ្មានដីការកោះហៅ ការចាប់ខ្លួនខ្ញុំម្នាក់ដែលត្រឹមជាក្មេងដែលជាខ្ទើយម្នាក់ តែការព័ទ្ធចាប់ខ្លួនខ្ញុំហាក់ដូចខ្ញុំជាឃាតករដែលសម្លាប់មនុស្ស ធ្វើដូចខ្ញុំប្រព្រឹត្តបទឧក្រិដ្ឋ តើនេះមែនទេជានីតិវិធី ក្នុងចាប់ខ្លួនឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលមិនមានសម្បីតែអាវុធក្នុងដៃ មានតែសៀវភៅប៊ិចនៅក្នុងកែបម៉ូតូ។ ដូចបងប្អូន ឃើញជាក់ស្ដេងថា សូម្បីតែអ្នកសារព័ត៌មានក៏ចូលខ្លួនមកថតliveផ្ទាល់ពីពេលដែលចាប់ខ្លួនរហូតដល់ពេល គេហៅមកសួរនាំដើម្បីកត់កំណត់ហេតុ តើកាំមេរ៉ាប៉ុន្មាន គ្រឿង ទូរស័ព្ទ ប៉ុន្មានគ្រឿង មកនៅចំពីមុខខ្ញុំ? ដូចកាំភ្លើងដែលបាញ់ផ្ចុងមកក្បាលខ្ញុំអ៊ីចឹង តើខ្ញុំជាអ្វីពេលនោះ គឺជាជនសង្ស័យ តើច្បាប់ធ្វើដាក់ជនសង្ស័យបែបនេះគ្រប់គ្នាមែនទេ? ឬមួយធ្វើដាក់តែខ្ញុំម្នាក់ ព្រោះខ្ញុំគ្មានខ្នងគ្មានអ្នកការពារ គ្មានបក្សពួក គ្មានមេកើយ។
មានតែក្បាលមួយម្នាក់ឯង ឬមួយមកពីច្បាប់តម្រូវថាធ្វើដាក់តែខ្ញុំម្នាក់? នេះជាសំណួរដែលខ្ញុំចង់សួរ និងតែងតែសួរក្នុងក្បាលខ្ញុំថា ខ្ញុំជាអ្នកណា ហេតុអ្វីបានធ្វើបែបនេះដាក់ខ្ញុំ? ចម្លើយនោះគឺ បងប្អូនមហាជនដឹងច្បាស់ណាស់ គឺមកពីក្រ ខ្លួនមួយម្នាក់ឯង គ្មានខ្សែ គ្មានខ្នង ។ជាក់ស្ដែងការថតរូបខ្ញុំនៅតែបន្ត តាំងពីកន្លែង ឃាត់ខ្លួន រហូតដល់ពេលសួរចម្លើយ មិនអស់ចិត្តមន្ត្រីយើងម្នាក់ មកថត selfie ពេលខ្ញុំនៅក្នុងទ្រុងដែក ដើម្បីបង្ហោះ តើលោកមន្ដ្រីធ្វើបែបនេះ គឺមានច្បាប់ ឬ នីតិវិធីច្បាប់ណាមួយដែរឬទេ?
ឬមួយគាត់មកថតរូបជនសង្ស័យជាប់ទ្រុងតែខ្ញុំ ដើម្បីប្រាប់គេថា នេះ ពេលនេះវាជាប់ទ្រង់ហើយ មើលមុខវាឱ្យច្បាស់ទៅ?។ រហូតតាមថតដើម្បីផ្គាប់ចិត្តមេដល់ក្នុងពន្ធនាគារកន្លែងប្រគល់ឯកសារចេញចូលទៀត មិនអស់ចិត្តជាមួយស្នាដៃក្នុងការចាប់ខ្ញុំមែនទេ? បានជាអនុវត្តច្បាប់បែបនេះលើរូបខ្ញុំ?ម្ដាយខ្ញុំគាត់ឡើងពីខេត្តមកភ្នំពេញ ដើម្បីឡើងមកមើលកូន នៅក្នុងគុក មកឃើញកូនត្រូវស្លៀកវសម្លៀកបំពាក់អ្នកទោស ជាពិរុទ្ធិជន ឈុតពណ៌ខ្លឹមខ្នុរ ក្បាលត្រូវគេកោរសក់ ម្ដាយខ្ញុំស្រក់ទឹកភ្នែក រហូតគាត់និយាយថា គាត់និងធ្វើអ្វីគ្រប់យ៉ាង ទោះឱ្យម៉ាក់ធ្វើអីក៏ប្រមឱ្យតែគេអត់ឱនឱ្យកូន រហូតគាត់យំថតវីឌីអូ ឱ្យមហាជនមើលកាត់កេរ្ដិ៍កាត់ខ្មាស់ ហើយមានជនថ្លៃថ្នូរខ្លះនិយាយថាម្ដាយខ្ញុំសម្ដែង (ឈប់សម្ដែងទៅមីង)ជាសម្ដីគេliveនិយាយថាឱ្យម្ដាយខ្ញុំ តែទីបំផុត ជានិស្ស័យ ខ្ញុំនិងគាត់ក៏បានជួបគ្នា ខ្ញុំនៅតែជម្រាបសួរគាត់តាមចរិតខ្ញុំគោរពមនុស្សចាស់។
នេះហើយអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នា តើម្ដាយខ្ញុំពិតជាសម្ដែងមែនឬ ហើយខ្ញុំចង់ឃើញទឹកភ្នែកម្ដាយខ្ញុំណាស់មែនទេ? ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើឱ្យម្ដាយខ្ញុំហូរទឹកភ្នែកព្រោះតែការមោទនភាព តែបែរជាគាត់មកត្រូវហូរទឹកភ្នែកពេលឃើញកូនជាប់គុក ដៃត្រូវគេវ៉ៃខ្នោះ ទៅវិញ។ រស់នៅក្នុងគុកខ្ញុំត្រូវបានគេវាយស្ទើរស្លាប់នៅបន្ទប់A17 ដោយគំរាមហាមមិនឱ្យប្រាប់មន្ត្រីអនុរក្សថាមានគេវាយ សួរថា គេចង់វាយទេ ?បើគ្មានអ្នកទៅប្រាប់ឱ្យគេវាយ នេះហើយជារឿងដែលខ្ញុំជួប ខ្ញុំត្រូវបានហាមធ្វើរឿងជាច្រើន ខុសពីអ្នកទោសផ្សេងទៀត។ តើនេះមែនទេ ដែលខ្ញុំព្រមទទួលទោសហើយបែរជាមានទណ្ឌកម្មពីលើទោសនោះទៀត នេះហើយ ក្រ ក្រគឺ វេទនា ក្រ គឺពិបាករកណាស់ពាក្យថាយុត្តិធម៌។
ក្រគ្មានពាក្យនិយាយទៅកាន់គេនោះទេ គេថាឆ្វេងគឺឆ្វេងគេថាស្ដាំគឺស្ដាំ។ ពេលចេញមកវិញ ការងារ ការរៀនគឺខ្ញុំគ្មានឱកាសនោះទេ ពេលទៅណាមកណា មនុស្សជាច្រើនប្រើក្រសែភ្នែកមកមើលលើមកមើលក្រោម អ្នកខ្លះ ហៅអ្នកខ្លះមិនហៅ តើនេះមែនទេ ដែលខ្ញុំត្រូវទទួលបាន ពេលដែលខ្ញុំធ្វើសមាហរន្តកម្មចូលមករស់នៅក្នុងសង្គមវិញ របស់ខ្ញុំ ដែលខ្ញុំត្រូវជួប។ជាចុងក្រោយខ្ញុំបាទសូមអរគុណបងប្អូន ពុកម៉ែគ្រប់គ្នាដែលតែងតែចាប់អារម្មណ៍ជាមួយករណីខ្ញុំ។ ទោះបេលនេះខ្ញុំគ្មានការងារធ្វើ មិនអាចរៀនបានតែខ្ញុំសន្យាថានិងធ្វើជាយុវជនគំរូ ចែករំលែកចំនេះដឹងដល់ប្អូនៗជំនាន់ក្រោយតាមលទ្ធភាពដែលអាចទៅបាន និង ឱកាស ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចែករំលែកចំនេះដឹងផ្នែកវប្បធម៌ សិល្បៈ ដល់ពុកម៉ែបងប្អូន ទាំងអស់គ្នាជាបន្តខ្ញុំគ្រាន់តែសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងបើកចិត្តព្រមទទួលយករូបខ្ញុំ ឱ្យមករស់ក្នុងសង្គមវិញ និងមេត្តាបើឱកាសនិងផ្ដល់ឱកាសឲ្យរូបខ្ញុំផងដោយក្ដីគោរពបំផុតពីខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង