ភ្នំពេញ ៖ គ្រាន់តែនិយាយពីឈ្មោះ អាជី ភ្លាម នោះប្រិយមិត្ត និងមហាជនបានស្គាល់ច្បាស់ដូចថ្ងៃ ដែលនាងគឺជាអ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់។ តែយ៉ាងណា នៅពេលនេះ អាជី កំពុងធ្វើរញ្ជួយកក្រើកពេញប្រទេស ក្រោយចង់បន្ថែមមុខរបរពីការលក់ឡេ មកថតសម្តែងកុនវិញម្តង តាមរយៈរឿង «ទុំទាវ ២០២១»។
ប៉ុន្តែ ដោយសារតែគ្មានជំនាញ វិជ្ជាជីវៈ និងហាក់គ្មានសីលធម៌ក្នុងខ្លួន ជាហេតុនាំឲ្យការសម្ដែងជាលើកដំបូងរបស់ អាជី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម វប្បធម៌ជាតិ តម្លៃស្ត្រីខ្មែរ ជាពិសេសតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយក៏ត្រូវបានមហាជននាំគ្នាផ្ទុះរិះគន់យ៉ាងចាស់ៗដៃ រហូតឈានដល់ក្រសួងកោះហៅឱ្យចូលខ្លួមបំភ្លឺ។
បើទោះជាការចូលខ្លួនដោះស្រាយនេះ ជាលទ្ធផលបានរួចខ្លួនយ៉ាងណាក៏ដោយ តែពេលនេះ អាជី និងអាម៉ី ក៏ដេកមិនលក់ប៉ុន្មាននោះទេ ព្រោះថា មហាជនកំពុងជម្រុញឲ្យក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធដទៃទៀត ចាត់ការលើរឿងនេះឡើងវិញ ដែលមិនអាចឲ្យរួចខ្លួន ជាថ្នូរនឹងការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាបែបនេះបានឡើយ។
យ៉ាងណាមិញ ងាកចាប់អារម្មណ៍ពីប្រវត្តិខ្លះៗរបស់អាជី វិញ នោះជឿជាក់ថាប្រិយមិត្តមួយចំនួនធំពុំធ្លាប់បានដឹងនោះទេ។ AhGi Leader ដែលមហាជននិមយហៅ អាជី មានឈ្មោះពិតថា តេង ស៊ីណាត មានអាយុ២២ឆ្នាំ (កើតនៅកំឡុងឆ្នាំ១៩៩៩) ។ កញ្ញា តេង ស៊ីណាត មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កញ្ញា តេង ស៊ីណាត (ហៅអាជី) ធ្លាប់បានប្រាប់សារព័ត៌មានកាលពីថ្មីៗកន្លងទៅនេះថា ខ្លួនបានចាប់ផ្ដើមឡើងកូដ ដោយចំណាយដើមទុនត្រឹមតែ 50$ ប៉ុណ្ណោះ ហើយគ្រាន់ជាអ្នកឡាយកម្សាន្ដតាមបណ្ដាញសង្គម Bigo Live រហូតជោគជ័យខ្លាំងមានគេស្គាល់ស្ទើរពេញប្រទេស។ អាជី ក៏ធ្លាប់បានទម្លាយឲ្យដឹងផងដែរថា ខ្លួនមានឪពុកជាមន្ត្រីរាជការ (ផ្កាយ៣) ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង