ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមដំណើ២នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងរង់ចាំស្តុបបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង។ ចំណែកតៃកុងរថយន្តកុងតឺន័រ រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្តុបថៃហ្គឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតតែងឡាយមួយគ្រឿង ពាក់ផ្លកលេខ3-C 4508 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើមកលិចក្នុងលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំស្តុបស្រាប់តែភ្លាមៗនោះដែរ គាត់បានឃើញរថយន្តមួយគ្រឿងទៀតម៉ាកstarex ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2-S 2828 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរ២នាក់ទៀត ធ្វើដំណើរពីក្រោយស្របគ្នាក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនដូចហោះ មកបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខទាំងស្រុង និងរងរបួសធ្ងន់ស្រាលទាំង៣នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងចរាចរណ៍ជំនាញខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត