ភ្នំពេញ ៖ ក្មេងប្រុសស្រី២នាក់ជាបងប្អូនបង្កើតបាននាំគ្នាមកហែលទឹកលេង នៅក្នុងរណ្តៅដីមួយកន្លែងបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម។ ចំណែកម្តាយយំស្តាយកូនស្ទើរតែដាច់ខ្យល់ទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចប្រឡាយបឹងទំពុន ក្នុងភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ១- មានឈ្មោះ ឈៀនដេវីត ភេទប្រុស អាយុ៨ឆ្នាំ នៅរៀនសាលាអង្ការបច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ២ -ឈ្មោះ ឈៀនរ៉ូស្សា ភេទស្រីអាយុ ១២ ឆ្នាំ នៅរៀនត្រូវជាបងបង្កើត បច្ចុប្បន្នស្នាក់នៅជាមួយគ្នា។
បើយោងតាមប្រភពព័ត៌មានពីក្មេងប្រុសម្នាក់ នៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញក្មេងស្រីជនរងគ្រោះ ត្រូវជាបងបង្កើតបានចុះទៅក្នុងរណ្តៅទឹកមុន រួចឡើងទៅលើទួលហក់ចុះទៅរណ្តៅទឹកនោះ ដើម្បីហែលទឹកលេងស្រាប់តែមានអីបានលិចទៅក្រោមបាត់ ទៅដោយប្អូនប្រុសជនរងគ្រោះឃើញបែបនេះ ក៏រត់ចុះទៅជួយរាវស្រាប់តែពេលចុះទៅដោយប្អូនមិនចេះហែលទឹក ក៏លិចបាត់ទាំង២នាក់បងប្អូនតែម្តងទៅ។ ដោយឃើញបែបនេះ ក្មេងប្រុសដែលនៅកន្លែងកើតហេតុ បានរត់ស្លន់ស្លោទៅប្រាប់ម្តាយក្មេងទាំង២ និងប្រជាពលរដ្ឋជិតខាងឲ្យចុះមកជួយរាវ តែអកុសលប្អូនទាំង២ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងលោកចៅសង្កាត់បឹងទំពុនទី១ លោកសួស សារិន ចុះទៅដល់រួចដោយឃើញភាពក្រីក្រ និងតស៊ូរបស់ម្តាយក៏បានប្រគល់ថវិកា៥០០$ទៅដល់ម្តាយក្មេង និងបានឲ្យក្រុមគ្រួសារបូជាសពក្មេងទាំង២នាក់ នៅវត្តសន្សំកុសលតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សាមេត