ភ្នំពេញ ៖ ករណីជនខិលខូច ឬ ក៏ចោរ ដែលមានគំនិតដ៏ឃោរឃៅ ប្រើនូវវិធីយកខ្សែលួស ចងកាត់ទទឹងផ្លូវលៃមួយត្រឹម.ក ដើម្បីធ្វើសកម្មភាពប្លន់ម៉ូតូអ្នកដំណើរនៅពេលយប់ មិនមែនទើបតែលិចឮទេ គឺករណីនេះបានកើតមានឡើងជាច្រើនដងរួចមកហើយ។
ជាក់ស្តែង ដូចករណីនារីជាកម្មការិនីម្នាក់ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលឃើញករបស់នាង ពោរពេញជាមួួយស្នាមរបួសដាច់ដោយសារត្រូវខ្សែលួសទាក់ ខណៈពេលនាងជិះម៉ូតូ ចេញពីធ្វើការរោងចក្រវេនយប់ ត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ សំណាងល្អហើយ ដែលនាងពុំគ្រោះថ្នាក់ដល់អាយុជីវិត។
នារីរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ នីសា តាកែវ បានចែករំលែកពីករណីដ៏រន្ធត់របស់នាង ដើម្បីឲ្យបងប្អូនជាពិសេសអ្នកធ្វើការរោងចក្រវេនយប់ ត្រូវបានមានការប្រុងប្រយ័ត្ន ដោយនាងបានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំនៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំធ្វើការរោងចក្រពេលយប់ ពេលចេញមកផ្ទះវិញម៉ោង ២ កន្លះ គេចងខ្សែកណ្តាលផ្លូវ ធ្វើឲ្យខ្ញុំទាក់កម៉ូតូ នៅភូមិត្រពាំងស្លា ឲ្យបងប្អូនជួយស៊ែរ ប្រយ័ត្នទាំងអស់គ្នា អ្នកធ្វើការរោងចក្រវេនយប់»។
ក្រោយករណីនារីរងគ្រោះខាងលើ ត្រូវបានចែករំលែក ក្នុងនោះក៏ឃើញមានជនរងគ្រោះម្នាក់ ដែលគាត់ធ្លាប់ជួបករណីនេះផងដែរ ក៏បានប្រាប់ឲ្យផងដែរថា គាត់ក៏ទើបតែជួបហេតុការណ៍ដូចអ៊ីចឹងដែរ កាលពីខែមុន គឺខណៈពេលគាត់ធ្វើការនៅខេត្តក្រចេះ ជិះម៉ូតូពេលយប់ដូចគ្នា ហើយជិះរាងលឿនបន្តិចដែរ ប៉ុន្តែឥឡូវនេះ មុខរបួសនៅត្រង់.ករបស់គាត់បានជាសះហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង