នារីរូបស្រស់ស្អាតម្នាក់ ត្រូវជាមិត្តស្រីរបស់បុរសម្នាក់ ដែលបានបើករថយន្ត BMW ជួបគ្រោះថ្នាក់ចរាចរណ៍នៅ តាន់ ហ្គោប៉ាក ពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៃមន្ទីរពេទ្យសិង្ហបុរី (SGH) បន្ទាប់ពីនាងព្យាយាមជួយសង្គ្រោះសង្សារ ចេញពីឡានដែលកំពុងឆាបឆេះសន្ធោសន្ធៅ។
Raybe Oh Siew Huey អាយុ ២៦ ឆ្នាំ កើតនៅប្រទេសម៉ាឡេស៊ី បានប្រញាប់ប្រញាល់ព្យាយាម និងជួយសង្គ្រោះមិត្តប្រុសដែលជាគូដណ្តឹងរបស់នាងឈ្មោះ Jonathan Long និងព្រមទាំងមិត្តភក្តិរបស់នាង ប៉ុន្តែ បែរជាត្រូវទទួលរងនូវការរលាកយ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់នាង ប្រហែលជា ៨០% ។
យោងតាមសារព័ត៌មាន The Straits Times បានឲ្យដឹងថា Long បានបើកបររថយន្ត BMW បុកចូលទៅក្នុងហាងតាន់ហ្គោនផាបារ៉ា កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ សាក្សីបាននិយាយថា រថយន្តនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយគ្រោះថ្នាក់បានកើតឡើង។
នាង Raybe Oh ដែលមិននៅក្នុងឡាននៅពេលនោះ បានប្រញាប់ប្រញាល់ទៅរករថយន្តដែលកំពុងឆេះ ហើយព្យាយាមជួយសង្គ្រោះមិត្តប្រុសរបស់នាង។
មិត្តភក្តិរបស់ក្រុមនេះ បាននិយាយថា៖ “នាងបានព្យាយាមបើកទ្វារឡាន ហើយក៏បានរងរបួសត្រូវភ្លើងឆាបឆេះនៅក្នុងអំឡុងពេលនោះតែម្តង”។
ទោះយ៉ាងណា មិត្តប្រុសរបស់នាងបានស្លាប់នៅកន្លែងកើតហេតុ រួមជាមួយបុរស ៤ នាក់ផ្សេងទៀត ដែលនៅជាមួយគាត់នៅក្នុងរថយន្ត។
Raybe Oh ដឹងខ្លួន ពេលមកដល់មន្ត្រីពេទ្យ SGH ហើយពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងត្រូវបានជួយសង្គ្រោះយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង