ភ្នំពេញ ៖ កាលពីរសៀលម្សិលមិញនេះ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១) មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង និងមិនជឿសោះឡើយថា រឿងនេះអាចធ្វើទៅរួច ខណៈលេចធ្លាយព័ត៌មាន និងរូបភាព លើកឡើងថា ផ្ទាំងប៉ាណូក្រុមហ៊ុន ដាណាទ្រី ត្រូវអាជ្ញាធររុះរើ ព្រោះហ៊ានលួចដាក់ដោយគ្មានច្បាប់អនុញ្ញាត។
យ៉ាងណាមិញ ក្រោយពីបានឃើញព័ត៌មានចោទប្រកាន់បែបនេះ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ពិតជាសម្តែងនូវការហួសចិត្តជាខ្លាំង។ ក្នុងនោះ អ្នកស្រី ទ្រី ដាណា ក៏បានភ្ជាប់ឯកសារកិច្ចព្រមព្រេងជាមួយក្រុមហ៊ុន C&T ជាច្រើនសន្លឹក និងសារបញ្ជាក់ទៅកាន់មនុស្សមួយចំនួនដែលហាក់កំពុងស្អប់ និងចង់ឲ្យខ្លួនដួលយ៉ាងដូច្នេះ «ចែដាណាមិនដែលធ្វើអោយបងប្អូនដែលស្រលាញ់ចែដាណាខកចិត្តឡើយ តែអាណិតអ្នកដែលចង់ឃើញចែដាណាដួលទៅវិញទេដែលខកចិត្តម្តងហើយម្តងទៀត ហើយចែដាណាកំដរដោយផ្លូវច្បាប់ជានិច្ច។»។ អ្នកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ឲ្យទៀតថា «ក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូង រហូតមកដល់បច្ចុប្បន្ន គឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ»។
ជុំវិញរ៉ាវដ៏ក្តៅគគុកនេះផងដែរ ដើម្បីស្រាយបញ្ជាក់ឲ្យកាន់តែភ្លឺបន្ថែម លោក ផែង វណ្ណៈ ក៏បានចេញមុខមកពន្យល់យ៉ាងច្បាស់ៗថា រឿងនេះគឺមិនពាក់ព័ន្ធនឹងក្រុមហ៊ុន ដាណាទ្រី ទេ តែជារឿងរបស់ក្រុមហ៊ុន C&T ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្សាយពាណិជ្ជកម្ម ជាអ្នកមានតួនាទីភារកិច្ច ទៅរត់ការសព្វគ្រប់បែបយ៉ាងណា (ទាំងសុំច្បាប់ ទាំងសុំការលើកផ្លាក ទាំងស្អីៗទាំងអស់) ពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ ហេតុនេះ ក្រុមហ៊ុនអ្នករកស៊ីដូចជាក្រុមហ៊ុន ដាណាទ្រី ជាដើម គឺគេអត់ដឹងទេ សំខាន់ក្រុមហ៊ុន C&T ដែលទទួលបន្ទុកចង់យកផ្លាកទៅដាក់កន្លែងណាៗ គឺជារឿងរបស់គេ។
លោក ផែង វណ្ណៈ បានពន្យល់បន្ថែមថា ក្រុមហ៊ុន ដាណាទ្រី បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន C&T ជាអ្នកចាត់ចែងលើការលើកផ្លាកយីហោរបស់ខ្លួន នៅកន្លែងណាៗ ជាមួយតម្លៃបង់លុយសេវាមួយខែប៉ុន្មានៗ ទៅតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ហេតុនេះ សូមសាធារណៈជន ឈប់យល់ច្រឡំទៅលើក្រុមហ៊ុន ដាណាទ្រី ទៀតទៅ ព្រោះថាករណីនេះ គឺជាការទទួលខុសត្រូវរបស់ភាគីក្រុមហ៊ុន C&T ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង