ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដណាជាបានស្គាល់ ពីតារាចម្រៀងប្រុសស្រី២ដួង ដែលអ្នកទាំងពីរសុទ្ធសឹងតែមានរូបសម្រស់ស្អាតដូចគ្នា ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ និង សុខ ពិសី។
ជាការពិតណាស់ លោក ណុប បាយ៉ារិទ្ធ បើទោះជាឆ្នាំនេះមានវ័យ ៤០ ឆ្នាំ ទៅហើយក្តី ប៉ុន្តែ លោកនៅតែអាចរក្សាសម្រស់នៅក្មេងជាងវ័យ ពោលគឺមើលទៅហាក់ដូចជាយុវវ័យ និងជាតារាកំពុងតែរះអ៊ីចឹង។ និយាយពីរឿងស្នេហាវិញ តារាប្រុស «មុខក្មេងសំឡេងចាស់» រូបនេះ ហាក់មិនដែលបានឃើញបង្ហាញពីរឿងរ៉ាវស្នេហាអ្វីនោះទេ ពោលគឺលោកបន្តជីវិតនៅលីវរហូតមកទល់ពេលនេះ។
ចំណែកស្រីស្អាត សុខ ស្រីនាង វិញ បើទោះជាក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេង ដែលកើតឡើងពីការមិនចុះសម្រុងគ្នារវាងអតីតសាម្វីនាង គឺលោក ស៊ី សុ វត្ថិ ដែលជាអតីតអ្នកចម្រៀងរួមទ្រនំក្នុងផលិតកម្ម «KH Promotion » អស់រយៈពេលយូរឆ្នាំមកហើយក្តី តែអ្នកនាងហាក់ពុំដែលគិតចង់ជ្រើសរើសគូជីវិតថ្មីនោះទេ។ ប៉ុន្តែ គេក៏ធ្លាប់បានឮ សុខ ស្រីនាង និយាយក្នុងលក្ខខណ្ឌជ្រើសអ្នកថ្មីយ៉ាងដូច្នេះថា «បុរសដែលខ្ញុំត្រូវសាងស្នេហ៍ ចាំបាច់មិនមែនជាគូកំណាន់ចិត្តបែប អាថ៌កំបាំងជាដាច់ខាត»។
ដោយឡែក ថ្មីៗនេះ មហាជន ជាពិសេសហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនឹងគ្នា នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ដោយក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បានពោលពាក្យទៅកាន់ សុខ ស្រីនាង ប្រៀបដូចជាគូសង្សារយ៉ាងដូច្នេះថា៖ «ងៃ Valentine’s Day បងប្រថ្នាសុំឲ្យរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទីក្រុងជាមួយគ្នា Sok Sreyneang»។
តែទោះយ៉ាងណា នេះគ្រាន់តែជាឈុតសម្តែងរឿងប៉ុណ្ណោះ ខណៈពេលនេះ អ្នកនាង សុខ ស្រីនាង បានប្រាប់ទៅកាន់ហ្វេនៗថា៖ «រចនា dating ជាមួយបងប្រាថ្នាហើយ ដាវិន ហា៎កុំខឹងនឹង រចនា ណា កុំភ្លេចរង់ចាំទស្សនាភាគទី៤ ម៉ោង ៧និង០០ យប់នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង