ជារឿងផិតក្បត់ប្តីប្រពន្ធកើតឡើងជាថ្មីទៀតហើយ ខណៈបុរសជាប្តីម្នាក់ ខំស្កាត់ពីថៃ បន្ទាប់ពីទទួលដំណឹងថាប្រពន្ធមានប្រុសថ្មី ហើយក៏តាមទាន់កំពុងកៀកកើយគ្នា នៅក្នុងនៅក្លឹបយ៉ាងមានសេចក្តីសុខ បង្កការភ្ញាក់ផ្អើលពេញផ្លូវតែម្តង។
ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចក្លឹបសេះមាស ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមបុរសជាប្តី បានរៀបរាប់ឲ្យដឹងថា គាត់បានរៀបការត្រឹមត្រូវជាមួយប្រពន្ធវ័យក្មេងរូបនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុសម្នាក់ជាង២ឆ្នាំ។ ក្រោយរៀបការបានកូនមួយ គាត់ក៏បានបែកពីប្រពន្ធ ចាកចេញពីស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។ ប៉ុន្តែ ក្រោយធ្វើការនៅថៃបានមួយរយៈពេលធំ ក៏លេចឮដំណឹងពីមិត្តភក្តិបានប្រាប់ថា ប្រពន្ធរបស់គាត់ដែលក៏ចេញមកធ្វើការរោងចក្រនៅភ្នំពេញ កំពុងមានបណ្តើរប្រុសថ្មី។
បន្ទាប់ពីវិលត្រឡប់មកស្រុកវិញ គាត់ក៏បានស្វែងរកប្រពន្ធ ប៉ុន្តែ រកមិនឃើញសោះឡើយ។ ដោយព្យាយាមស្វែងរកអស់រយៈពេលជាយូរថ្ងៃ នៅទីបំផុត ក៏ប្រទះឃើញប្រពន្ធ កំពុងតែកៀកកើយឱបថើបប្រុសថ្មី នៅក្នុងក្លឹបយ៉ាងសប្បាយ ដោយគ្មានខ្វល់ថាខ្លួនមានប្តី និងសូម្បីកូននៅឯស្រុកសោះឡើយ។
ចំណែកប្រពន្ធវ័យក្មេងរូបនេះវិញ បានឆ្លើយដោះសារឲ្យរួចពីទង្វើផិតក្បត់របស់ខ្លួនថា ខ្លួននាងមិនអាចនៅរួមរស់នឹងប្តីបានទៀតទេ ព្រោះប្តីតែងវាយធ្វើបាប ហើយចោទថាអ្នកជក់ថ្នាំ (គ្រឿងញៀន) ទៀតផង។ ប្រពន្ធរូបនេះនៅថែមទាំងបានអះអាង ឪពុកម្តាយខ្លួនក៏ទទួលស្គាល់ និងមិនឲ្យខ្លួនយកប្តីហ្នឹងទៀតដែរ។
តែទោះយ៉ាងណា ក្រោយផ្អើលឈូរឆរពេញដងផ្លូវ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ក៏បានចុះជួយអន្តរាគមន៍ ហើយនាំយកខាងស្រីទៅប៉ុស្តិ៍ ដើម្បីសម្របសម្រួល មុនពេលអនុញ្ញាតឲ្យពួកគេទៅស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីលែងលះគ្នាតាមផ្លូវច្បាប់ ឬក៏យ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង