ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្លៀកបំពាក់និងកាត់ដេរទាំងកណ្តាលយប់ បណ្តាលឲ្យរងការខូចខាតសម្ភារក្នុងផ្ទះស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ និងមិនរាលដាលដល់ផ្ទះជិតខាង។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង៥០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាបិតទ្វារដេក នៅខាងក្នុងផ្ទះស្រាប់តែដល់ម៉ោងកើតហេតុខាងលើ ពួកគាត់ឮស្នូផ្ទុះចេញពីចង្ក្រានបាយ ហើយពួកគាត់នាំគ្នារត់ទៅមើលឃើញអណ្តាតភ្លើង រួចរាយការណ៍ទៅខាងសមត្ថកិច្ចជួយហៅរថយន្តពន្លត់អគ្គិភ័យ មកជាបន្ទាន់ហើពួកគាត់ក៏ស្រវេស្រវ៉ាប្រមូលក្រណាត់ខោអាវ និងសម្ភារផ្សេងៗបានមួយចំនួនចេញពីអណ្តាតភ្លើង។
ក្រោយពេលកើហេតុខាងលើ ក៏មានរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ឲ្យរលត់ទៅវិញ មិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ រងការខូចខាតតែសម្ភារនៅខាងក្នុងអស់មួយចំនួន៕ រក្សាសិទ្ធិដោយ៖សាមេត