ភ្នំពេញ៖មានករណីអគ្គីភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង យ៉ាងសន្ធោរសន្ធៅ នៅ ម៉ោងជិត២រំលងអាធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតក្នុងក្រុមទី១ ផ្លូវ 87BT ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
យោងតាមសមត្ថកិច្ចនិងអាជ្ញាធតខណ្ឌមានជ័យបានបញ្ជាក់ថា ៖ឃ្លាំងខាងលើ ជាឃ្លាំងស្តុកទៅដោយសោរទ្វា ថ្នាំលាបពណ៌ និងសាំងក្រអូបជាច្រើន របស់ម្ចាស់ផ្ទះឈ្មោះ លោក ឈិត សុកន ភេទប្រុស អាយុ៥២ឆ្នាំ បំរើការងារជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។
ក្នុងហេតុការណ៌ នោះកម្លាំងចម្រុះមាន កម្លាំងនគរបាលខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ និងអាជ្ញាធរមូលដ្ឋានខណ្ឌ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ពិសេសដែលមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកើតហេតុផងដែរ។
ក្រោយការអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់របស់កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចជំនាញអគ្គីភ័យរួចមក ត្រូវរលត់ទាំងស្រុង ទៅវិញក្នុងរយៈពេល១ម៉ោងកន្លះ ដោយមិនបណ្តាលឲ្យមានការរាលដាល ដល់លំនៅឋានអ្នកជិតខាង ប៉ុន្តែអ្វីជាការសោកស្តាយ គឺឃ្លាំងស្ទើរតែទាំងមូល ត្រូវអណ្តាតភ្លើងបំផ្លាញអស់ស្ទើរតែទាំងស្រុង ដោយសារផ្លូវក្នុងភូមិសាស្ត្រខាងលើ មានលក្ខណៈតូចចង្អៀតពិបាក សម្រាប់រថយន្តពន្លត់អគ្គីភ័យ ចូលមកអន្តរាគមន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលា។
ក្នុងករណីខាងលើនេះ ពុំបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ។ដោយក្នុង ហេតុការណ៌នោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៦គ្រឿង ក្នុងនោះឡានក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿងដោយ ប្រើប្រាស់ឡានទឹក៣១ឡានទឹក ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។
អាជ្ញាធរខណ្ឌបានឱ្យដឹងថា៖ចំពោះមូលហេតុ នៃការឆាបឆេះ នេះមិនទាន់ដឹងនៅឡើយទេ រង់ចាំសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕ ដោយ៖ជាលី