ថ្មីៗនេះ ចោរម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចជាខ្លាំង បន្ទាប់ពីបានបរាជ័យក្នុងការលួចចូលផ្ទះពលរដ្ឋមួយ ដោយសារតែសត្វឆ្កែ ២ ក្បាល របស់ម្ចាស់ផ្ទះបានដេញខាំ ដែលជាលទ្ធផលចោរ ធ្វើឲ្យចោររូបនោះភ័យស្លន់ស្លោរត់ឡើងលើដំបូលតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង៣០ នាទី រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅ Taman Khidmat រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី នៅពេលដែលចោរម្នាក់បានប៉ុនប៉ងលួចចូលក្នុងផ្ទះពលរដ្ឋម្នាក់ ប៉ុន្តែ វត្តមានរបស់គេ ត្រូវបានស្វាគមន៍ដោយឆ្កែ២ក្បាល។
យោងតាមកាសែត Harian Metro បានឲ្យដឹងថា ស្នងការរងនគរបាលស្រុក Kota Kinabalu លោក Habibi Majinji បាននិយាយថា ការស៊ើបអង្កេតដំបូងបានរកឃើញថា ជនសង្ស័យត្រូវបានគេជឿថា កំពុងព្យាយាមបំបែកចូលក្នុងផ្ទះ។
ទោះយ៉ាងណា ជនសង្ស័យត្រូវបានឆ្កែ ២ ក្បាល ដេញវាយប្រហារ ដែលជាហេតុធ្វើឱ្យរូបគេពិបាកក្នុងការរត់គេចខ្លួន ហើយក៏ត្រូវឡើងលើដំបូលផ្ទះ ដើម្បីរួចផុតពីចង្កូមឆ្កែ។
លោក Habibi បានពន្យល់ថា “វត្តមានរបស់ជនសង្ស័យ ត្រូវបានកត់សំគាល់ឃើញដោយម្ចាស់ផ្ទះអាយុ ៦៥ ឆ្នាំ បន្ទាប់ពីបានឮសម្លែងឆ្កែព្រូសខ្លាំងៗ ហើយបន្ទាប់មក ម្ចាស់ផ្ទះក៏បានទាក់ទងទៅប៉ូលីសមកអោយជួយភ្លាមៗ”។
លោកបានបន្តថា ប៉ូលីសបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ មុនពេលចាប់ខ្លួនជនសង្ស័យដោយជោគជ័យ និងនាំរូបគេទៅកាន់ប៉ុស្តិ៍ប៉ូលិសឡីយ៉ាង ដើម្បីចាត់វិធានការបន្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង