នារីជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានប្លន់ដោយបុរសម្នាក់ ដែលបានហៅទៅញ៉ាំអាហារពេលល្ងាច បន្ទាប់ទើបតែបានស្គាល់បុរសនោះនៅលើបណ្តាញសង្គម ហើយក៏ឈានដល់ការណាត់ជួបគ្នា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ក្នុងអំឡុងហេតុការណ៍ដែលបានកើតឡើងនៅវេលាម៉ោង ៥ និង ៤៥ នាទី ល្ងាច ថ្ងៃកើតហេតុ អធិការនគរបាលស្រុក Petaling Java ជំនួយការស្នងការលោក Nik Ezanee Mohd Faisal បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានអាយុ ៣៩ ឆ្នាំ បានបង្ខំនារីរងគ្រោះឲ្យប្រគល់ខ្សែដៃមាស មុនពេលចាកចេញពីនាង។
បន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ប៉ូលីសបានឈានទៅឆ្មក់ចូលផ្ទះមួយនៅ Taman Impian Ehsan, Seri Kembangan នៅវេលាម៉ោង ១០ និង ១០ នាទីយប់ នាថ្ងៃកើតហេតុដដែល និងចាប់ខ្លួនជនសង្ស័យ។
ប៉ូលីសក៏បានរឹបអូសរថយន្ត Perodua Bezza ១គ្រឿង ដែលជនសង្ស័យប្រើប្រាស់ក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នារីរងគ្រោះ ទូរស័ព្ទចំនួន២គ្រឿង លុយចំនួនជាង ៧០០ ដុល្លារ ដែលជនសង្ស័យទទួលបានពីការលក់ខ្សែដៃរបស់ជនរងគ្រោះ និងនាឡិកាដៃ១គ្រឿងផងដែរ។
លោក Nik Ezanee ក៏បានប្រាប់ឲ្យដឹងផងដែរថា ការឆែកឆែរបានរកឃើញថា ជនសង្ស័យមានកំណត់ត្រាបទល្មើចំនួន៧ករណី ក្នុងរួមមានក្នុងករណីគ្រឿងញៀន។ ជនសង្ស័យបានសារភាពពិតជាបានលក់ខ្សែដៃមាស ទៅឲ្យបុរសម្នាក់នៅក្នុងទីក្រុងគូឡាឡាំពួរ ក្នុងតម្លៃ ៧០០ ដុល្លារ។
ជនសង្ស័យក៏បានសារភាព បានជាប់ពាក់ព័ន្ធ ៥ ករណី ផ្សេងទៀត ក្នុងនោះរួមមាន ប្លន់ លួច និងជំរិតទារប្រាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង