ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ២នាក់ទៀត បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករះម៉ូតូនិងកង់បីពេញទំហឹង រួចបន្តបើករត់ទៅមុខតែត្រូវប្រជាពលរដ្ឋ ដេញតាមពីក្រោយរួចបួងចង្កូតទៅបុកស្លាកសញ្ញាបាក់មួយដើមទៀត។ ចំណែកតៃកុងរថយន្តវិញ ត្រូវយុវជន៣នាក់មិនចាំមុខវាយបែកឈាមពេញមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី ១៩ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧៣ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ២៧៣ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តមួយគ្រឿងទៀត ម៉ាកព្រូសពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-BD 4587 បើកបរដោយបុរសម្នាក់រួមដំណើរ២នាក់ទៀត ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូដួលរងរបួស រួចបន្តបើកទៅមុខប៉ះនិងកង់បីមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកស្លាកសញ្ញាបាក់អស់មួយដើម ទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ រួចបានរាយការណ៍ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត